ភ្នំពេញ៖ មុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅចំណុចលេីបង់សួនច្បារមាត់ទន្លេម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
យោងតាមមន្ត្រីនគរបាលខណ្ឌដូនពេញ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែមករា ឆ្នាំ២០២៣នេះថា៖ ជនសង្ស័យឈ្មោះ មាស សុវណ្ណថន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
ប្រភពដដែលបន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០១:៤០នាទី ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាបូប នៅចំណុចលេីបង់សួនច្បារមាត់ទន្លេ ផ្លូវព្រះសុីសុវត្តិ ភូមិ៥ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ហុីម អាហ្វីលីន ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលម្តុំវត្តភ្នំ ផ្លូវលេខ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត៖ កាបូបពណ៌ស ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី