ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសៅរ៍ទី០៧ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថាលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត កាលពីព្រឹកមិញនេះ បានអញ្ជើញចុះពិនិត្យ និងពន្លឿនការងារជួសជុលផ្លូវលំ ក្នុងមូលដ្ឋានឃុំថ្មពួក និងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីក្រាលគ្រួសក្រហម និងកាយប្រឡាយរំដោះទឹកអមសងខាងផ្លូវ ដែលជាបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ ក្រុមការងារមិនទុកបញ្ហាចោលនោះទេ យើងធ្វើការដោះស្រាយជាបណ្តើរៗ តាមលទ្ធភាព ស្ថានភាពជាក់ស្តែង។ ទោះបីកន្លែងខ្លះមិនទាន់បានឆ្លើយតបបានភ្លាម សូមការយោគយល់ពីពុកម៉ែបងប្អូន ក្រុមការងារជំនាញយើងនឹងបន្តទៅនាពេលខាងមុខ។
សូមបញ្ជាក់ថា ឆ្លើយតបសំណូមពរពុកម៉ែបងប្អូន ហើយក្នុងឆ្នាំ២០២៣នេះ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់ខេត្ត ស្រុក/ក្រុង មូលនិធិឃុំ/សង្កាត់ ដើម្បីស្ថាបនាជាផ្លូវបេតុងវែង ឬខ្លី រាប់រយខ្សែ តាមបណ្តាភូមិឃុំដែលបងប្អូនប្រជាពលរដ្ឋរស់នៅ៕ដោយ៖សហការី