ទីក្រុងមូស្គូ បិទបញ្ចប់បទឈប់បាញ់ឯកតោភាគី ជាមួយការសន្យាប្រយុទ្ធរហូតដល់ឈ្នះ នៅអ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអាទិត្យទី៨ ខែមករា ឆ្នាំ២០២៣នេះថា៖​ ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា​ ការវាយប្រហាររបស់រុស្ស៉ី កាលពីពាក់កណ្ដាលយប់ថ្ងៃសៅរ៍​ឈានចូលថ្ងៃអាទិត្យនេះ​ បានសម្លាប់មនុស្សម្នាក់ បន្ទាប់ពីទីក្រុងមូស្គូ បិទបញ្ចប់បទឈប់បាញ់បុណ្យណូអែលឯកតោភាគីរបស់ខ្លួន ជាមួយការសន្យាថានឹងប្រយុទ្ធរហូតទទួលបានជ័យជម្នះ នៅក្នុងសង្រ្គាមអ៊ុយក្រែន។

ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយបន្ថែមថា​ បុរសម្នាក់មានអាយុ ៥០ឆ្នាំ បានស្លាប់នៅក្នុងការវាយប្រហារបាញ់ផ្លោងរបស់រុស្ស៉ីនៅក្នុងតំបន់ខាកៀវ ស្ថិតនៅភាគឦសាននៃប្រទេស ហើយការវាយប្រហារនេះទៀតសោត កើតមានឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ មុនឈានចូលថ្ងៃអាទិត្យនេះ (ម៉ោងនៅទីក្រុងមូស្គូ)។ ជាមួយគ្នានោះ វិមានក្រឹមឡាំង​ បាននិយាយថា​ ទីក្រុងមូស្គូនឹងបន្តដឹកនាំនូវអ្វីដែលខ្លួនហៅថាប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន និងដែលទីក្រុងកៀវ ក៏ដូចជាបណ្ដា ប្រទេសលោកខាងលិចចាត់ទុកថាជាការឈ្លានពាន។

លោក សឺហ្គៃ គីរីយិនកូ (Sergei Kiriyenko) ជានាយខុទ្ទការល័យរងរបស់លោក ពូទីន​ បានលើកឡើងថា៖​ «ភារកិច្ចដែលដាក់បញ្ជាដោយលោកប្រធានាធិបតី ពូទីន សម្រាប់ប្រតិបត្តិការយោធាពិសេសនឹងត្រូវសម្រេច ឱ្យបានដាច់ខាត នោះគឺជ័យជម្នះ»។

គួរបញ្ជាក់ថា​ លោក ពូទីន ប្រធានាធិបតីរុស្ស៉ី បានបញ្ជាឱ្យមានបទឈប់បាញ់រយៈពេល ៣៦ម៉ោង ដោយឯកតោភាគីនាឱកាសប្រារព្ធពិធីបុណ្យណូអែលអូតូដុក។ បទឈប់បាញ់នេះចាប់ផ្ដើមកាលពីថ្ងៃសុក្រ និងបញ្ចប់នៅពាក់កណ្ដាលយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យនេះ ប៉ុន្តែអ៊ុយក្រែនមិនបានទទួលយក បទឈប់បាញ់នេះឡើយ៕

...

រូបភាព​៖​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print