ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍របស់តារាចម្រៀងប្រចាំផលិតកម្ម ថោន គឺលោក ប៉ុន សុណារិន្ទ ហៅខេមនៅមិនទាន់បញ្ចប់ពីការតាមដានរបស់មហាជននៅឡើយ។ ដំណឹងចុងក្រោយដែលគេទទួលបានគឺក្រុមគ្រួសារជនរងគ្រោះ ព្រមទទួលយកសំណង ចំនួន៤ពាន់ដុល្លារ ហើយក៏មិនបានប្ដឹងផ្តល់ អ្វីបន្តទៀតដែរ ប៉ុន្តែករណីនេះនៅមិនទាន់បញ្ចប់លើផ្លូវច្បាប់នៅឡើយទេ។
តារាចម្រៀងសំនៀងស្អក ខេម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនឹងត្រៀមខ្លួនក្នុងការធ្វើសន្និសីទសារព័ត៌មាននៅពេលដ៏ខ្លីខាងមុខនេះប្រយោជន៍ធ្វើការបញ្ជាក់ និងបកស្រាយអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង កាលពីកន្លះខែមុននេះ ។ដោយឡែកចំពោះសំណងចំនួន ៤ពាន់ដុល្លារ ដែលក្រុមគ្រួសារ ខេម ផ្ដល់ជូនដល់ក្រុមគ្រួសារ ជនរងគ្រោះនោះ ត្រូវបាន ខេម បញ្ជាក់យ៉ាងច្បាស់ថា ប្រាក់៤ពាន់ដុល្លារនោះ មិនមែនជាសំណងទេ ពោលគឺជាមនោសញ្ចេតនា របស់លោកផ្ទាល់ផ្ដល់ជូនដល់ជនរងគ្រោះ ព្រោះធ្វើយ៉ាងម៉េច បើគ្នាបានស្លាប់ទៅហើយ លោកក៏អាណិតជាសូរខ្លាំង ហើយនរណាៗក៏មិនចង់ឲ្យកើតឡើងដែរ។
ជាមួយគ្នានេះលោក ហ៊ីន ណារិទ្ធ មេធាវីការពារក្ដីឲ្យជនរងគ្រោះ ក៏បានថ្លែង ថា តាមការពិតសំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ នោះត្រូវបានបញ្ចប់រួចរាល់អស់ហើយ ដោយកូនក្ដីរបស់លោក ព្រមទទួលយកសំណង ចំនួន៤ពាន់ដុល្លារ ពីគ្រួសារ ខេម ហើយក៏យល់ព្រមមិនបន្តប្ដឹងផ្តល់ អ្វីទៀតដែរ ដោយគ្រួសារជនរងគ្រោះ គិតថា តារាចម្រៀង ខេម ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយក៏មិនចង់ឲ្យខូចកេរ្តិ៍ឈ្មោះគ្នា នោះឡើយ។ ម្យ៉ាងទៀតបើប្ដឹងផ្តល់ទៅ ត្រូវការចំណាយពេលវេលា ប្រាក់កាស បន្ថែមទៀត នាំឲ្យខាតបង់ទាំងអស់គ្នា ទើបគ្រួសារជនរងគ្រោះ ព្រមបញ្ចប់ក្នុងនាមមនោសញ្ចេតនា បែបនេះតែម្ដង។
ទោះបីជាភាគីទាំងពីរ បានព្រមព្រៀងគ្នាបញ្ចប់ ដោយមានការយោគយល់គ្នាខ្ពស់បែបនេះក្ដី ប៉ុន្តែសំណុំរឿងរបស់តារាចម្រៀង ខេម ត្រូវបានសមត្ថកិច្ចចរាចរណ៍ បញ្ជូនទៅដល់តុលាការហើយ ពោលគឺលើលោកព្រះរាជអាជ្ញារង សៀង សុខ ជាអ្នកកាន់សំណុំរឿងនេះ ហើយគេមិនទាន់ដឹងថា នឹងត្រូវកោះហៅបំភ្លឺ នៅថ្ងៃណានោះទេ ។
យោងតាមច្បាប់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមានមនុស្សស្លាប់ បើទោះបីជាមានការសងសំណងរដ្ឋប្បវេណីណាមួយក៏ដោយក៏ច្បាប់នៅតែបន្តដំណើរការនិតិវិធីព្រោះជាបទល្មើសព្រហ្មទណ្ឌ ដូចនេះបណ្តឹងអាជ្ញាមិនអាចរលត់បានឡើយត្រឹមសំណងនិងការចចារគ្នាក្រៅប្រព័ន្ធតុលាការ។ ការបញ្ចប់ត្រឹមការសម្របសម្រួលនឹងមិនធ្វើឲ្យតារាចម្រៀងខេម រួចខ្លួនពីការចោទប្រកាន់បានទេ ពោលគឺការរំលត់បណ្តឹងអាជ្ញាលុះត្រាតែត្រូវឆ្លងកាត់ការសម្រេចពីតុលាការជាមុនសិន។ ជាមួយគ្នានេះតារាចម្រៀង ខេម ក៏អាចប្រឈមនឹងការចាប់ខ្លួនបានដែរប្រសិនបើតារាចម្រៀងរូបនេះបង្ហាញមុខជាសាធារណៈ ពិសេសការធ្វើសន្និសីទសារព័ត៌មានណាមួយនោះ។
តារាចម្រៀងខេមនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមណាមួយបាននៅឡើយទេ ជុំវិញករណីខាងលើនេះ។
គួរបញ្ជាក់ដែរឬថា កាលពីម៉ោង១២នឹង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំង ស្ថាននីយប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់បានស្លាប់ ដោយគៀបជាប់នៅក្នុងរថយន្ត ដោយសារតែបើករថយន្តបុកជាមួយ នឹងរថយន្តសេរីទំនើប ១គ្រឿងទៀត ម៉ាក RANGE ROVER ដែលត្រូវបានគេស្គាល់ថា ជារបស់តារាចម្រៀងមួយរូប និងជាអ្នកបើកផងដែរ ដោយបើកក្នុងទិសដៅបញ្ច្រាស់គ្នា រួចក៏បុកគ្នាចំពីមុខពេញទំហឹងតែម្តង។ រថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាម បណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្ត១គ្រឿងទៀត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿន ដូចគ្នាទិសដៅ បញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នា ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ Celica ស្លាប់គៀបជាប់ក្នុងរថយន្តតែម្តង៕
ដោយ វឌ្ឍនា