កងទ័ពមួកខៀវ៤៦នាក់ត្រឡប់មក មាតុប្រទេស​វិញ​​ដោយសុវត្ថិភាពបន្ទាប់បញ្ចប់​ការងារបំពេញ​បេសកកម្មថែរក្សាសន្តិភាពអង្គភាពសហប្រជាជាតិនៅប្រទេសម៉ាលី

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ កង ទ័ពមួកខៀវកម្ពុជា ចំនួន៤៦នាក់ បានត្រឡប់មកកាន់​មាតុប្រទេស​វិញ​​ប្រកប​ដោយសុវត្ថិភាព ​បន្ទាប់ពីកង កម្លាំងទាំងនោះ ​បាន​បញ្ចប់​ការងារបំពេញ​បេសកកម្ម ថែរក្សាសន្តិភាពអង្គភាពសហប្រជាជាតិ នៅប្រទេសម៉ាលី អស់រយៈពេល១ឆ្នាំ បានជោគជ័យ ។ ក្រុមកងទ័ពមួកខៀវទាំងនេះក៏បានអំពាវនាវពលរដ្ឋខ្មែរទាំងអស់ រួមគ្នាថែរក្សាសន្តិភាព។

ថ្លែងនៅក្នុងឱកាសអញ្ជើញ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កងកម្លាំងទ័ពមួក​ខៀវកម្ពុជា ​មកពីប្រទេសម៉ាលី ថ្លែងថា ​អស់រយៈពេល៨ឆ្នាំមកហើយ ​ដែលកម្ពុជា បានបញ្ជូន​កងកម្លាំងទ័ពមួកខៀវប្តូរវេន ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពUN​ នៅប្រទេសម៉ាលី ហើយ​រហូត​មកដល់​ពេលនេះ​ ស្ថានភាពជម្លោះសង្គ្រាម​នៅប្រទេសម៉ាលី ​នៅមិនទាន់មានភាព​ធូរស្រាល​វិញ​ទាំង​ស្រុងនោះទេ​ ហើយស្ថានភាពការរស់នៅពលរដ្ឋម៉ាលីកំពុង ​ជួប​ប្រឈមការលំបាកដូចជា គ្មានផ្ទះសំបែងស្នាក់នៅពិតប្រាកដ ​ជួបបញ្ហាកង្វះខាតស្បៀងអាហារ ជំងឺឈឺស្លាប់គ្មានថ្នាំ​សង្កូវព្យាបាល ​វិស័យធនធានមនុស្សធ្លាក់ចុះ សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ត្រូវបាន​បំផ្លាញ​ជាដើម ហើយ​ពលរដ្ឋម៉ាលី​កំពុង​ដង្ហើយ​ហៅ​ រកមជ្ឈដ្ឋាន​អន្តរជាតិ​ជួយពន្លត់ភ្លើងសង្គ្រាមនេះ។

ថ្លែងក្នុងឱកាស ទទួលដំណើរកងកម្លាំងមួកខៀវ លោកស្រីឧត្តមសេនីយទោ សែម រតនា អគ្គនាយក​រង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាពកម្ពុជា ថ្លែងថា ​អនុវត្ត​គោលការណ៍​អង្គការ​សហប្រជាជាតិ UN កម្ពុជា​តែងតែ​ធ្វើការ​បញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ​ប្តូរវេនរៀងរាល់១ឆ្នាំម្តង​ ពីកម្ពុជាទៅកាន់​ប្រទេសម៉ាលីចំនួន ២៧៣នាក់ ទៅមករៀងរាល់ឆ្នាំ ហើយការធ្វើមាតុភូមិនិវត្តន៍ មកកាន់កម្ពុជា​វិញ​ចំនួន ៤៦រូប គឺកង​ចុងក្រោយ ​បន្ទាប់ពីបានបញ្ចប់បេសកកម្មដោយជោគជ័យ​រយៈពេល ១ឆ្នាំនៅ​ប្រទេសម៉ាលី។​

យ៉ាងណាក៏ដោយ លោកស្រី ឧត្តមសេនីយទោ សែម រតនា បានថ្លែងការកោត​សរសើរ​ កង​កម្លាំងមួកខៀវ​កម្ពុជា ​ដែលបានបំពេញបេសកកម្ម រក្សាសន្តិភាពUN ​នៅប្រទេសម៉ាលី នៅក្នុងតំបន់សង្គ្រាម មាន​ព្យុះខ្សាច់សាហារ៉ា នៅក្នុងកំដៅអាកាសធាតុ ៥៣អង្សាសេ ​ធ្វើការបោសសំអាតមីន ដើម្បីការពាររថយន្តដឹកស្បៀងអាហារ ​និង​ ការពារក្បួនធ្វើដំណើរ តាមផ្លូវអាកាស និង​តាមផ្លូវ​គោកនានាទៀតរបស់UN៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print