ភ្នំពេញ៖ រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ កង ទ័ពមួកខៀវកម្ពុជា ចំនួន៤៦នាក់ បានត្រឡប់មកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីកង កម្លាំងទាំងនោះ បានបញ្ចប់ការងារបំពេញបេសកកម្ម ថែរក្សាសន្តិភាពអង្គភាពសហប្រជាជាតិ នៅប្រទេសម៉ាលី អស់រយៈពេល១ឆ្នាំ បានជោគជ័យ ។ ក្រុមកងទ័ពមួកខៀវទាំងនេះក៏បានអំពាវនាវពលរដ្ឋខ្មែរទាំងអស់ រួមគ្នាថែរក្សាសន្តិភាព។
ថ្លែងនៅក្នុងឱកាសអញ្ជើញ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កងកម្លាំងទ័ពមួកខៀវកម្ពុជា មកពីប្រទេសម៉ាលី ថ្លែងថា អស់រយៈពេល៨ឆ្នាំមកហើយ ដែលកម្ពុជា បានបញ្ជូនកងកម្លាំងទ័ពមួកខៀវប្តូរវេន ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពUN នៅប្រទេសម៉ាលី ហើយរហូតមកដល់ពេលនេះ ស្ថានភាពជម្លោះសង្គ្រាមនៅប្រទេសម៉ាលី នៅមិនទាន់មានភាពធូរស្រាលវិញទាំងស្រុងនោះទេ ហើយស្ថានភាពការរស់នៅពលរដ្ឋម៉ាលីកំពុង ជួបប្រឈមការលំបាកដូចជា គ្មានផ្ទះសំបែងស្នាក់នៅពិតប្រាកដ ជួបបញ្ហាកង្វះខាតស្បៀងអាហារ ជំងឺឈឺស្លាប់គ្មានថ្នាំសង្កូវព្យាបាល វិស័យធនធានមនុស្សធ្លាក់ចុះ សំណង់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លាញជាដើម ហើយពលរដ្ឋម៉ាលីកំពុងដង្ហើយហៅ រកមជ្ឈដ្ឋានអន្តរជាតិជួយពន្លត់ភ្លើងសង្គ្រាមនេះ។
ថ្លែងក្នុងឱកាស ទទួលដំណើរកងកម្លាំងមួកខៀវ លោកស្រីឧត្តមសេនីយទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា ថ្លែងថា អនុវត្តគោលការណ៍អង្គការសហប្រជាជាតិ UN កម្ពុជាតែងតែធ្វើការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ប្តូរវេនរៀងរាល់១ឆ្នាំម្តង ពីកម្ពុជាទៅកាន់ប្រទេសម៉ាលីចំនួន ២៧៣នាក់ ទៅមករៀងរាល់ឆ្នាំ ហើយការធ្វើមាតុភូមិនិវត្តន៍ មកកាន់កម្ពុជាវិញចំនួន ៤៦រូប គឺកងចុងក្រោយ បន្ទាប់ពីបានបញ្ចប់បេសកកម្មដោយជោគជ័យរយៈពេល ១ឆ្នាំនៅប្រទេសម៉ាលី។
យ៉ាងណាក៏ដោយ លោកស្រី ឧត្តមសេនីយទោ សែម រតនា បានថ្លែងការកោតសរសើរ កងកម្លាំងមួកខៀវកម្ពុជា ដែលបានបំពេញបេសកកម្ម រក្សាសន្តិភាពUN នៅប្រទេសម៉ាលី នៅក្នុងតំបន់សង្គ្រាម មានព្យុះខ្សាច់សាហារ៉ា នៅក្នុងកំដៅអាកាសធាតុ ៥៣អង្សាសេ ធ្វើការបោសសំអាតមីន ដើម្បីការពាររថយន្តដឹកស្បៀងអាហារ និង ការពារក្បួនធ្វើដំណើរ តាមផ្លូវអាកាស និងតាមផ្លូវគោកនានាទៀតរបស់UN៕