ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទបានរាយការណ៍ថា បច្ចប្បន្ននេះគាត់ឃើញកើតមានឧបករណ៍ចាប់ត្រីប្រភេទរួមផ្សំ(ប)ក្រឡាល្អិតឬស្បៃមុងកំពុងកើតមានយ៉ាងស្អេកស្កះលាតសន្ធឹងក្នុងបឹងទន្លេសាបយ៉ាងអនាធិបតេយ្យ នៅមិនឆ្ងាយពីទីស្នាក់ការកម្លាំងថ្នាក់ជាតិប៉ុន្មាននោះទេ ម្ដេចក៍មើលពុំឃើញឬមួយក្លាយទៅជាប្រព័ន្ធទៅហើយ?
រូបភាពដែលបង្ហាញនេះស្ថិតនៅលើផ្ទៃទឹកបឹងទន្លេសាប ចាប់ពីឃុំកំពង់ហ្លួង ឃុំក្បាលត្រាច និងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដល់ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានដដែលរាយការណ៍បន្ថែមទៀតថា ឧបករណ៍ចាប់ត្រីប្រភេទរួមផ្សំ(ប)សាច់អួនក្រឡាល្អិតឬស្បៃមុងដែលកំពុងកើតមានយ៉ាងស្អេកស្កះលាតសន្ធឹងក្នុងបឹងទន្លេសាបយ៉ាងអនាធិបតេយ្យនេះ ឃើញគេដាក់តៗគ្នារាប់សិបម៉ែត្រក្នុង១ខ្សែៗ ខ្វែងខ្វាត់កាត់ទន្លេស្ទើរតែធ្វើរាចរណ៍ពុំកើត ដែលបញ្ហានេះក្លាយទៅជាទម្លាប់ទៅហើយចាប់ពីមួយទៅមួយឆ្នាំ ថាថ្នាក់ក្រោមជាតិចុះថ្នាក់ក្រោមជាតិ តែបច្ចុប្បន្ននេះថ្នាក់ជាតិកំពុងឈរជើងយ៉ាងរឹងមាំនៅបឹងទន្លេសាប ហេតុអ្វីជនប្រព្រឹត្តនៅតែធ្វើសកម្មភាពបានបែបនេះ? ចំណុចនេះមានពាក្យចចាមអារ៉ាមដែរថា ឧបករណ៍ចាប់ត្រី(ប)១ខ្សែក្នុង១ខែជនប្រព្រឹត្តចាយលុយម្ពៃម៉ឺនរៀលសម្រាប់បាយទឹកទៅឱ្យកម្លាំងថ្នាក់ជាតិ ដោយសារកម្លាំងថ្នាក់ជាតិប្ដូរវេនមួយខែម្ដង ប៉ុន្តែនេះគ្រាន់តែជាពាក្យចាមអារ៉ាមប៉ុណ្ណោះ អ្នកយកព័ត៌មានយើងពុំអាចសុំការពន្យល់ពីកងកម្លាំងថ្នាក់ជាតិដែលកំពុងឈរជើងនៅទីនោះបានទេ ប៉ុន្តែគេឃើញឧបករណ៍ប្រភេទខាងលើកំពុងកើតមានយ៉ាងសម្បើមមែននៅក្នុងបឹងទន្លេសាប ៕ ដោយៈ ប៉ឹម ពិន