ខេត្តកំពង់ធំៈ បន្ទាប់ពីត្រូវបានជួសជុល និងស្តារឡើងវិញរួចរាល់ជាស្ថាពរ បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រទំនប់រលួស ស្ថិតក្នុងសង្កាត់អូរគន្ធរ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឺងសែន ខេត្តកំពង់ធំ បាន និងកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្តល់ទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករ លើផ្ទៃដី ចំនួន ២.០៧៨ ហិកតា ។
សូមរំលឹកជូនថា ប្រព័ន្ធធារាសាស្ត្រទំនប់រលួស បានទទួលរងនូវការខូចខាតស្ទើរទាំងស្រុង ដោយសារទឹកជំនន់ក្នុងឆ្នាំ ២០១៣ ហើយត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានជួសជុល និងស្តារឡើងវិញ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៤ ដោយមានទំហំការងារ៖ ជួសជុលទំនប់អាងដោយពង្រីកតួទំនប់ឱ្យធំ ចាក់គ្រួសក្រហម និងដាំស្មៅប្រវែង ៤.៧៦០ ម៉ែត្រ សាងសង់ទំនប់បង្ហៀរថ្មីប្រវែង ៧០ ម៉ែត្រ សាងសង់សំណង់សិល្បការធំតូច ចំនួន ៣៤ កន្លែង ជួសជុលស្តារឡើងវិញប្រឡាយមេ ០១ ខ្សែ ប្រវែង ៤.៣១៥ ម៉ែត្រ និងចាក់គ្រួសក្រហមលើភ្លឺអមសងខាងប្រឡាយមេប្រវែង ៤.៣១៥ ម៉ែត្រ ៕
ដោយ សុខ ខេមរា