ខេត្តតាកែវ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរតាមផ្លូវពីភ្នំពេញទៅកាន់ខេត្តតាកែវ ដើម្បីជាអធិបតីពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា ព្រះវិហារវត្តមឿងចារ្យ នៅខេត្តតាកែវ តាមដងផ្លូវសម្ដេចបានមើលឃើញយ៉ាងពិតប្រាកដពីស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើន ជាមួយនិងផ្ទះសម្បែងតូចធំ ម៉ូតូ ឡាន និងមនុស្សអ៊ូអរ ធ្វើឲ្យសម្ដេចរំភើបរីករាយចំពោះការរស់នៅប្រកបដោយសេចក្ដីសុខនៃជនរួមជាតិ។
សម្ដេចបានមានប្រសាសន៍បញ្ជាក់នៅក្នុងហ្វេសប៊ុកសម្ដេចយ៉ាងដូច្នេះថា នៅព្រឹកថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំបានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តមឿងចារ្យលិខិតតារាម នៅភូមិមឿងចារ្យ ឃុំ ជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ តាមផ្លូវពីភ្នំពេញមកកាន់ខេត្តតាកែវ ខ្ញុំបានសង្កេតឃើញប្រជាពលរដ្ឋយើងប្រកបរបរលក់ដូរអ៊ូអរតាមដងផ្លូវដែលបង្ហាញនូវសកម្មភាពរស់រវើកជាមួយទឹកមុខញញឹម។ គេហដ្ឋានតូចធំចម្រុះគ្រប់ពណ៌ និងសម្ភារៈប្រើប្រាស់ដូចជាម៉ូតូ និងរថយន្តតូចធំកំពុងចរាចរណ៌តាមដងផ្លូវបង្ហាញអោយឃើញពីការរីកចម្រើនរបស់ប្រជាពលរដ្ឋយើងជាមួយជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងនេះ ការរីកចម្រើនវិស័យពុទ្ធសាសនាសព្វថ្ងៃគឺបានចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។ ខ្ញុំព្រះករុណាខ្ញុំសប្បាយចិត្តណាស់នៅពេលដែលបានឃើញបងប្អូនជនរួមជាតិរស់នៅមានសេចក្តីសុខ និងមានជីវភាពល្អប្រសើរ។ អ្វីៗដែលយើងសម្រេចបាននៅពេលនេះ និងទៅអនាគតគឺដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ។ បន្ទាប់ពីកម្មវិធីបញ្ចុះខ័ណ្ឌសីមានៅទីនេះរួចហើយ ខ្ញុំនឹងបន្តដំណើរទៅកាន់ខេត្តព្រះសីហនុជាបន្តទៀត។
ខ្ញុំព្រះករុណាខ្ញុំ សូមជូនប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរជនរួមជាតិទូទាំងប្រទេសជួបប្រទះតែសេចក្តីសុខគ្រប់ៗគ្នា៕
ដោយ៖ សីលា