ខេត្តព្រះសីហនុ៖ តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុដែលអង្គភាពយើងទើបតែទទួលបាននៅល្ងាចថ្ងៃទី១១ខែមករាឆ្នាំ២០២៣នេះបានឱ្យដឹងថា កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវលេខ១៤៨ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦-១៧ ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរអ្នកបើកបរ រថយន្តម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក ATOS ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2Q_3706 បើកបរដោយឈ្មោះលឹម វណ្ណលាភ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកលក់ម្ហូបចល័ត មានទីលំនៅ ឃុំកុំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបើកបរក្នុងទិសដៅចេញពីស្រុកស្ទឹងហាវ ទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចខាងលើដោយមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យផ្លូវរអិល ក៏បានទៅបុកជាមួយរថយន្ត០១គ្រឿងទៀតម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ BC-3654 ដែលបើកក្នុងទិសដៅពីខេត្តព្រះសីហនុមកស្រុកស្ទឹងហាវ(ទិសដៅបញ្ច្រាសគ្នា) បើកបរដោយព្រះរាជអាជ្ញារង ខេត្តព្រះសីហនុឈ្មោះអុីវ ត្រាយ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ០២ ឃុំទំនប់រលក។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឱ្យអ្នកបើកបររថយន្តម៉ាក ATOS ឈ្មោះលឹម វណ្ណលាភ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។
ក្រោយកើតហេតុ វត្ថុតាង(រថយន្ត)ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីចាត់ការទៅតាមនីតិវិធី ៕