អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លម្អិតពីការឃាត់ខ្លួន និងបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ ឡាយ សំណាង កិបកេងប្រាក់រដ្ឋប្រមាណ ៣៨មុឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ : សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្ដីពីការឃាត់ខ្លួន និងបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ភេទប្រុស អាយុ ៥២ឆ្នាំ អតីតអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា, អង្គភាពប្រឆាំងអំពើពុករលួយ (អបព) សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានថា ឈ្មោះ ឡាយ សំណាង បានបម្រើការងារជាមន្ត្រីរាជការ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០២ ជាប្រធានការិយាល័យអភិវឌ្ឍន៍ ស្រុកបាភ្នំ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង។ ចាប់តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៧ ជាមន្ត្រីសម្របសម្រួល នៃកម្មវិធី កំណែទម្រង់ថ្នាក់ក្រោមជាតិ ប្រចាំខេត្តព្រៃវែង។ ចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ ជាមន្ត្រី នៃនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ក្នុងឆ្នាំ២០១៣ ជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា។ ក្នុងឆ្នាំ២០១៤ ជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និង ផ្គត់ផ្គង់ និងជាភ្នាក់ងារបើកផ្តល់ទទួលបន្ទុកការងារបើកថវិកាពីធនាគារជាតិ យកមកទុកនៅបេឡារបស់ក្រសួង និងបញ្ចូន ថវិកាទៅតាមគោលដៅនានា។ នៅពេលដែលខ្លួនមានសិទ្ធិអំណាចតំណាងក្រសួងទៅទទួលអាណត្តិបើកប្រាក់ពីរតនាគារជាតិ ហើយត្រូវបន្តបញ្ជូន បង្វែរប្រាក់នេះទៅគោលដៅទាំងឡាយដែលក្រសួងបានសម្រេច ឈ្មោះ ឡាយ សំណាង ក៏បានឆ្លៀតកិបកេងយកប្រាក់ពីគម្រោងដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង អ.ប.ព. បានរក ឃើញចំនួន១១គម្រោង មានទឹកប្រាក់សរុប ១.៥៤៨.៨១៤.១៦០រៀល (ប្រហែល ៣៨៧.០០០ដុល្លារអាមេរិក)។ ក្នុងនោះ

• នៅឆ្នាំ២០១៩ មាន ០៤គម្រោង ដូចជា៖

១. ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួន ២.០៦៣នាក់ នៅខេត្តស្វាយរៀង ចំនួន ៤៣៥.៨៤០.០០០រៀល។

២. ថវិកាសម្រាប់ការប្រកួតកីឡាស្បៀស្បាល់អូឡាំពិកកម្ពុជា ចំនួន ៩៥ លានរៀល។

៣.ថវិកាឧបត្ថម្ភជូនអត្តពលិកជ័យលាភី និងប្រតិភូកីឡាសៀស្បាល់អូឡាំពិកកម្ពុជា ចំនួន ១០៦លានរៀល។

 ៤. ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍ ចំនួន ១,៨៤៨នាក់ (ខេត្តតាកែវ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ) ចំនួន ៣១៧,០៤០.០០០រៀល។ • នៅឆ្នាំ២០២០ មាន ០៧គម្រោង ដូចជា៖

១. ថវិកាសម្រាប់ទូទាត់សោហ៊ុយបេសកកម្មក្នុងប្រទេស ឆ្នាំ២០១៩ ចំនួន ១៦៤.៧៧២,៤០០រៀល។

២.ថវិកាសម្រាប់ឧបត្ថម្ភដល់មន្ត្រីទទួលមរណភាពចំនួន ០១នាក់ ឆ្នាំ២០១៩ ចំនួន ៧៤៥៣១៧៦០រៀល។ ៣.ថវិកាសម្រាប់ឧបត្ថម្ភរបបគោលនយោបាយដល់កុមារកំព្រាចំនួន ០១នាក់ ដែលត្រូវធ្វើសមាហរណកម្ម

ចំនួន ១.០៨០០០០រៀល។

៤.ថវិកាសម្រាប់ពិធីបុណ្យសពកុមារចំនួន ០១រូប ចំនួន ៥៤០.០០០រៀល។ 

៥. ថវិការបបមជ្ឈមណ្ឌលជាតិព្យាបាល ត្រីមាសទី២ ចំនួន ១៧៦.៩៩៥.០០០រៀល។

៦. ថវិការបបមជ្ឈមណ្ឌលពិភពនៃក្តីសង្ឃឹម និង កងរាជអាវុធហត្ថ ខេត្តបាត់ដំបង សម្រាប់ត្រីមាសទី២ ចំនួន ១៦៦.០៧៥.០០០រៀល។

៧.ថវិការបបជូនបុរីទារក និងកុមារជាតិ ត្រីមាសទី៣ ចំនួន ៧៧.៩៣៤.១៦០រៀល។ ឈ្មោះ ឡាយ សំណាង ជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ដែលត្រូវបានចាត់តាំងជាភ្នាក់ងារបើកថវិការបស់ក្រសួង ជាអ្នកមានសិទ្ធិបង្វែរសាច់ប្រាក់ ដែលមានក្នុង មូលប្បទានប័ត្ររបស់ធនាគារជាតិបញ្ចូលមកគណនីរបស់ក្រសួង ដើម្បីដកថវិកាយកមកទុកនៅបេឡារបស់ក្រសួង ប៉ុន្តែ ឈ្មោះ ឡាយ សំណាង មិនបានយកថវិកាដែលបើកបានមក ប្រគល់មកបេឡារបស់ក្រសួងរក្សាទុកឡើយ។ ពេលបេឡាករ សួរនាំអំពីថវិកាដែលបើកបាន និងឯកសារអមនានា ឈ្មោះ ឡាយ សំណាង បានឆ្លើយដោះសាររហូត។ ទាំងថ្នាក់លើរបស់ ឈ្មោះ ឡាយ សំណាង ក៏ដូចជាលោកប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រហូតដល់រដ្ឋមន្ត្រី ក៏ដូចជាទាំងថ្នាក់ក្រោមរបស់ឈ្មោះ ឡាយ សំណាង បេឡាករ ថ្នាក់ការិយាល័យ តែងតែបំពេញការងារ ដោយភាពស្អាតស្អំ ហើយក៏បានរកឃើញថា បុគ្គល ឡាយ សំណាង តែម្នាក់ឯងនេះ បានកិបកេងយកថវិការដ្ឋរបស់ក្រសួង ចំនួន០៧គម្រោង (ក្នុងឆ្នាំ២០១៩ មាន៤គម្រោង និងឆ្នាំ២០២០ មាន៣គម្រោង) សរុបថវិកាចំនួន ១០៥៥.៤៩៥.០០០រៀ ល (ប្រហែល ២៦៣.៧៥០ដុល្លារអាមេរិក)។

ឈ្មោះ ឡាយ សំណាង មិនបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនឡើយ ហើយកិបកេងយកប្រាក់ដោយមិនញញើត ច្បាប់ ថ្នាក់ដឹកនាំក្រសួងក៏បានស្រាវជ្រាវ សាមីខ្លួន ឡាយ សំណាង ក៏បានទទួលសារភាព ហើយបានធ្វើកិច្ចសន្យានៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដើម្បីសុំសងថវិកាទាំង៧គម្រោង ដែលមានអាណត្តិបើកប្រាក់សរុបចំនួន ១០៥៥.៤៩៥.០០០រៀល (ប្រហែល ២៦៣.៧៥០ដុល្លារអាមេរិក) ដែលខ្លួនបានយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ជូនមកក្រសួងវិញ។ ទោះបីពេលនោះ ស្ថិតក្នុងដំណាក់កាលជំងឺកូវីត១៩កំពុងរីករាលដាលខ្លាំង ក៏ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំប្រជុំតាមប្រព័ន្ធZOOM នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ និង

សម្រេចដាក់ពិន័យរដ្ឋបាល។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្រសួងក៏បានសម្រេចដាក់ពាក្យប្ដឹងករណី ឡាយ សំណាង កិបកេងថវិការបស់ក្រសួងចំនួន ០៧គម្រោង មានទឹកប្រាក់ចំនួន ១០៥៥.៤៩៥០០០រៀល (ប្រហែល ២៦៣.៧៥០ ដុល្លារអាមេរិក) មក អប.ព. និងដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។ បន្ទាប់មកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿង នៃពាក្យប្ដឹងនោះមក អ.ប.ព. ដើម្បីជាសមត្ថកិច្ច។

ក្រៅពីការស៊ើបអង្កេតស្រាវជ្រាវហ្មត់ចត់ ក្នុងការប្រមូលភស្តុតាង ស្តាប់ចម្លើយសាក្សី នៃអំពើកេងយកផល ប្រយោជន៍ដោយខុសច្បាប់របស់ឈ្មោះ ឡាយ សំណាង អ.ប.ព. បានកសាងសំណុំរឿងដោយជោគជ័យនៃអំពើរបស់ ឡាយ សំណាង ដែលពិតជាបានកិបកេងយកប្រាក់ចំនួន ១០៥៥.៤៩៥.០០០រៀល (ប្រហែល ២៦៣.៧៥០ដុល្លារអាមេរិ ក) ដូចដែល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចោទប្រកាន់មែន។ ជាមួយគ្នានោះដែរ អប.ព. នៅបានរកឃើញ អំពើកិបកេងយកផលប្រយោជន៍ដោយខុសច្បាប់របស់ ឡាយ សំណាង លើគម្រោងចំនួន០៤ទៀត ដែលមានអាណត្តិបើកប្រាក់សរុបចំនួន ៤៩៣.៣១៩.១៦០រៀល (ប្រហែល ១២៣៣២៩ដុល្លារអាមេរិក)។ បន្ថែមលើ នេះ អបព. បានរកឃើញនូវបទល្មើសមួយទៀតដែលប្រព្រឹត្តដោយ ឡាយ សំណាង គឺលាងសម្អាតប្រាក់ លុយដែល បានមកពីអំពើពុករលួយនេះ។

ក្រោយការស៊ើបអង្កេតអស់រយៈពេលជាង១៣ខែ ដែលមានការស្តាប់ចម្លើយចំនួន៤២លើក (ក្នុងនោះចម្លើយចំនួន ៣២លើក ត្រូវបានបញ្ជូនទៅតុលាការ) និងក្រោយពីបានស្តាប់ចម្លើយសាក្សី ក្នុងក្រសួង និងក្រៅក្រសួងចំនួនជាង១០នាក់ ការបំភ្លឺរបស់ក្រុមហ៊ុន របស់បុរី និងបុគ្គលពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស៊ើបអង្កេតអំពីទ្រព្យសម្បត្តិរបស់ឈ្មោះ ឡាយ សំណាង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៤រសៀល មន្ត្រីនគរបាលយុត្តិធម៌ អ.ប.ព. ដោយបានការអនុញ្ញាត ពី លោកប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការឃាត់ខ្លួនឈ្មោះ ឡាយ សំណាងហើយបន្ទាប់ពីការ ប្រកាសឃាត់ខ្លួនមន្ត្រីនគរបាលយុត្តិធម៌ អ.ប.ព. មានរយៈពេល៤៨ម៉ោងសម្រាប់រៀបចំសំណុំរឿង និងបញ្ចូនខ្លួនជន សង្ស័យ ឡាយ សំណាង ទៅតុលាការ។ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩ និង៣០នាទីព្រឹក អ.ប.ព. បានបញ្ជូនសំណុំរឿង និងជន សង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print