ខេត្តបន្ទាយមានជ័យ : លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអនុញ្ញាតឱ្យ ប្រតិភូស្ថានទូតថៃ ដឹកនាំដោយ លោក ឆឺតកៀត អាត់ថាក័រ (H.E Mr.Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អថែមទៀត រវាងប្រទេសទាំង២ ពិសេសខេត្តនៅជាប់ព្រំដែនគ្នា កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នេះ នៅសាលាខេត្តបន្ទាយមានជ័យ។
នៅក្នុងជំនួបនេះ លោក អ៊ុំ រាត្រី បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរ គុណ ចំពោះស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកបានពង្រឹងចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ជាពិសេសខេត្តនៅជាប់ព្រំដែន រួមទាំងខេត្តបន្ទាយមានជ័យផងដែរ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាម បណ្តោយ ព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ ដោយស្មើភាព និងស្មោះត្រង់ហើយជាក់ស្តែងនាពេលកន្លងមកទោះបីនៅក្នុង កាលៈទេសៈនៃការរីករាល ដាលនៃជំងឺកូវីដ១៩ ក៏សកម្មភាពពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសទាំងពីរនៅតែមាន ដំណើរការឥតអាក់ហើយភាពជិតស្និទ្ធនេះ ក៏នឹងបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ជាលំដាប់ត ទៅអនាគតនោះ។
លោក អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា ប្រទេសយើងទាំង២ មាន យន្ដការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ដូចជាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលមានរដ្ឋមន្រ្តីការពារជាតិទាំង២ជាប្រធាន និងគណៈកម្មាធិការកំណត់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការប្រជុំអភិបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាពនិងដោះស្រាយបញ្ហាតាមព្រំដែន រវាង ប្រទេសទាំង២។
លោក ឆឺតកៀត អាត់ថាក័រ (H.E. Mr. Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដោយសន្យាថា នឹងខិតខំជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតរវាងប្រទេសទាំង២ ជាពិសេសបណ្តា ខេត្តជាប់ ព្រំដែន រួមទាំងខេត្តបន្ទាយមានជ័យផងដែរក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យបានកាន់តែ ល្អប្រសើរឡើង ប្រកបដោយការស្រឡាញ់រាប់អានគ្នាស្គាល់សុខទុក្ខគ្នាទៅវិញទៅមកដែល ជាប្រទេស ជិតខាង ភូមិផងរបងជាមួយគ្នានោះ៕
ដោយ : សហការី