ក្រៅពីអាមេរិក មិនមានប្រទេសណាមួយហ៊ានបំពានអាវុធដល់កោះតៃវ៉ាន់នោះឡើយ

ចែករំលែក៖

ដោយសារតែមិនចង់ឱ្យមានទំនាក់ទំនងមិនល្អជាមួយចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំនៅលើពិភពលោក ប្រទេសផលិតអាវុធជាច្រើនមិនហ៊ានផ្តល់ជូនកោះតៃវ៉ាន់នោះឡើយ លើកលែងតែអាមេរិក។ ក្នុងពេលថ្មីៗនេះសមាជិកសភាអាល្លឺម៉ង់ បាននិយាយថា «អាល្លឺម៉ង់នឹងមិនជួយបំពាក់អាវុធដល់តៃវ៉ាន់ឡើយ ដ្បិតស្ថានការណ៍ខុសពីអ៊ុយក្រែន»។

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា សមាជិកជាន់ខ្ពស់នៃសភាអាល្លឺម៉ង់ នៅថ្ងៃពុធនេះបាននិយាយថា ទីក្រុងបែរឡាំងនឹងមិនផ្តល់សព្វាវុធដល់ទីក្រុងតៃប៉ិទេ ហើយក៏មិនត្រូវបានស្នើសុំឱ្យធ្វើយ៉ាងដូច្នោះដែរ ដ្បិតស្ថានការណ៍តៃវ៉ាន់ខុសគ្នាស្រឡះពីស្ថានការណ៍អ៊ុយក្រែន។
លោកស្រី ម៉ារីស-អាកនេស ស្រ្តាក់-ហ្ស៉ីមមើម៉ាន (Marie-Agnes Strack-Zimmermann) ប្រធានគណៈកម្មការវិស័យការពារជាតិនៃសភាអាល្លឺម៉ង់ និងជាសមាជិកនៃគណបក្ស FDP ដែលជាដៃគូនៅក្នុងរដ្ឋាភិបាលចម្រុះរបស់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិថា អាល្លឺម៉ង់បានបញ្ជូនអាវុធឱ្យទៅអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែស្ថានការណ៍នៅតៃវ៉ាន់គឺជាស្ថានការណ៍មួយខុសស្រឡះពីគ្នា។
បើតាមលោកស្រី ស្រ្តាក់-ហ្ស៉ីមមើម៉ាន តួនាទីរបស់អាល្លឺម៉ង់នៅតៃវ៉ាន់ គឺពាក់ព័ន្ធនឹងសេដ្ឋកិច្ចជាជាងយោធា។ នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានជជីកសួរថា តើក្រុមប្រទេសលោកខាងលិចគួរតែជួយបំពាក់អាវុធដល់តៃវ៉ាន់ឬយ៉ាងណា នៅចំពោះមុខការដាក់សម្ពាធកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង លោកស្រីសមាជិកសភាអាល្លឺម៉ង់ក៏បានឆ្លើយតបថា អាល្លឺម៉ង់នឹងមិនធ្វើយ៉ាងដូច្នោះឡើយ។ លោកស្រី ស្រ្តាក់-ហ្ស៉ីមមើម៉ាន និងសមាជិកសភាអាល្លឺម៉ង់មួយចំនួនទៀតបានទៅដល់ទីក្រុងតៃប៉ិប៉ុន្មានថ្ងៃមុន ហើយបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន កាលពីថ្ងៃអង្គារ។ កាលពីខែតុលា ឆ្នាំ២០២២ សមាជិកសភាអាល្លឺម៉ងមួយក្រុមផ្សេងទៀតក៏បានមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ផងដែរ។
ដោយព្រួយបារម្ភអំពីការខឹងសម្បារបស់ចិន ប្រទេសភាគច្រើនមិនលក់សព្វាវុធឱ្យកោះតៃវ៉ាន់ឡើយ។ កងកម្លាំងយោធាតៃវ៉ាន់ភាគច្រើន គឺត្រូវបានបំពាក់ជាមួយសព្វាវុធដែលផលិតក្នុងស្រុកផ្ទាល់ ឬមួយក៏ទិញមកពីសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់ខ្លួន។ យ៉ាងណាមិញ កន្លងមកបារាំងធ្លាប់បានលក់យន្តហោះក៏ដូចជានាវាចម្បាំងឱ្យតៃវ៉ាន់ ខណៈកាលពីទសវត្សរ៍ឆ្នាំ១៩៨០ ហុល្លង់ធ្លាប់លក់នាវាមុជទឹក២គ្រឿងឱ្យដែនកោះនេះ៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print