ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ : បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, នារសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ នេះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC)​ បានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីសកម្មភាពរបស់ក្រុមការងារសហជីព​ ដែលបានចូលរួមក្នុងការដោះស្រាយ វិវាទការងារដោយបានធ្វើការសម្របសម្រួលដល់កម្មករ កម្មការិនីនៅតាមរោងចក្រ។ ក្នុងនោះផងដែរ លោក បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលដែលកម្ពុជា ក៏ដូចជា ពិភពលោកទាំងមូលជួបប្រទះនូវការរីករាលដាលនៃជំងឺកូវីដ១៩ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានធ្វើការចុះអប់រំ ផ្សព្វផ្សាយអំពីច្បាប់ ប្រកាសនិងបទបញ្ជាត្តិទាំងឡាយរបស់រាជរដ្ឋាភិបាលរួមទាំងវិធានការការពារ និងរក្សាអនាម័យជូនបងប្អូនកម្មករ កម្មការនី និងនិយោជិត។

លោក មានប្រសាសន៍បន្តថា បច្ចុប្បន្ន សភាសម្ព័ន្ធសហជីពជាតិកម្ពុជាមានបំណងចងក្រង បង្កើតសហជីពតាមមូលដ្ឋាន តាមបណ្តារោងចក្រ សហគ្រាស ដែលមិនទាន់មានសហជីព ដើម្បីចូលរួមជួយការពារផលប្រយោជន៍របស់កម្មករនិយោជិតឱ្យបានកាន់តែទូលំទូលាយ។

នាឱកាសនោះដែរ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ក៏ដូចជាកោសរសើរចំពោះការចូលរួមចំណែកជាវិជ្ជមានរបស់ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC)ក្នុងការអប់រំ ផ្សព្វផ្សាយ ដល់កម្មករនិយោជិត ពាក់ព័ន្ធបញ្ហានៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះ ឯកឧត្តម បានធ្វើការជំរុញ និងលើកទឹកចិត្តលើទិសដៅបន្តរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC)ក្នុងចូលរួមការងារជួយសង្គម ពិសេសជួយដល់កម្មករនិយោជិតឱ្យទទួលបានជោគជ័យបន្ថែមទៀត៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print