ភ្នំពេញ÷ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទី បញ្ជាការស៊ីម៉ាក់ភ្នំពេញ បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅផែនការសមាហរណកម្មការងារឆ្នាំ២០២៣។ សិក្ខាសាលានេះដែរ មានការចូលរួមពីថ្នាក់ដឹកនាំមកពីកងឯកភាពនិងអង្គភាពជំនាញនានា។
គួរបញ្ជាក់ថា កិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ឆ្នាំ ២០២២កន្លងទៅនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់បានជាង១៩៤ គីឡូម៉ែត្រក្រឡា ស្មើនឹង៩១,៤ ភាគរយ គិតជាតំបន់ចម្ការមីនមានចំនួយជាង៣៤០ និងរំដោះភូមិគ្មានចំនួន១៦៨ភូមិ និងរំដោះខេត្តគ្មានមីនចំនួន៩ខេត្ត/រាជធានី ក្នុងនោះរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន៦១,៤៧៧ គ្រាប់។
លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានផ្ដល់ផល ប្រយោជន៍ដោយផ្ទាល់និងប្រយោជន៍ដល់ប្រជាពលរដ្ឋជាង៣មុឺនគ្រួសារសំរាប់ដីលំនៅដ្ឋាន ដីកសិកម្ម និងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះ ក៏បានធ្វើការផ្សព្វផ្សាយអប់រំយល់ដឹងពីមីនដល់ក្រុមគោលដៅបានចំនួន២២.៧៦៥លើក មានមនុស្សចូលរួមសរុបចំនួន១.៣៤២.៧៩៤នាក់។
នៅក្នុងឆ្នាំ២០២៣នេះ អង្គភាពស៊ីម៉ាក់មានផែនការបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ចំនួនជាង ២៦៨ គីឡូម៉ែត្រក្រឡា និងអាចមានលទ្ធភាពពង្រីកបន្ថែមដល់ប្រមាណ ៣០០គីឡូ ម៉ែត្រក្រឡា និងត្រៀមឆ្លើយតបតាមសំណើរសុំអន្តរាគមន៍បន្ទាន់ៗ មួយចំនួនតាមភារកិច្ចចាំបាច់ដេីម្បីធានាសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងសង្គមជាតិ៕