មន្រ្តី​ជាន់ខ្ពស់​អាកាសចរស៊ីវិល៖​ កម្ពុជាទទួលបានជើងហោះហើរជិត ៣០ម៉ឺនជើងកើនជាង ២៦០% និងអ្នកដំណើរជាង ២លាននាក់ កើនជិត ៩០០%​ នៅឆ្នាំ២០២២​

ចែករំលែក៖

ភ្នំពេញ៖ អាកាសយានដ្ឋានទាំង ៣របស់កម្ពុជា ក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ​ ទទួលបានអ្នកដំណើរចំនួន ២,៣៨២,០០០នាក់ មានការកើនឡើងជិត ៩០០ % បើធៀបទៅនឹងឆ្នាំ២០២១។​ នេះបេីយោង​តាមការបញ្ជាក់ពី​លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោកអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​ បា​នបញ្ជាក់បន្តថា ចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋាននៅឆ្នាំ២០២២ បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា ទៅនឹងឆ្នាំ២០១៩ គឺ អ្នកដំណើរមានចំនួនប្រមាណតែ២៥%ប៉ុណ្ណោះ នៃឆ្នាំ២០១៩។

ដោយឡែក​ចំពោះចំនួនជើងហោះហើរវិញ មានចំនួន២៨,៩០០ជើង កើនឡើងជាង២៦០% បើធៀបទៅនឹងឆ្នាំ២០២១ ហើយបើធៀបទៅនឹងឆ្នាំ២០១៩ គឺ ចំនួនជើងហោះហើរ មានចំនួនប្រមាណតែ២៨% ប៉ុណ្ណោះនៃឆ្នាំ២០១៩។​ រីឯ​ការដឹកជញ្ជូនទំនិញតាមអាកាសវិញ នៅឆ្នាំ២០២២ មានចំនួនជាង៥៥០តោន ថយចុះជាង២២% បើធៀបទៅនឹងឆ្នាំ២០២១ ហើយបើធៀបទៅនឹងឆ្នាំ២០១៩ គឺមានការកើនឡើង៥% នៃឆ្នាំ២០១៩។

លោកអនុរដ្ឋលេខាធិការរូបនេះ បានសង្កត់ធ្ងន់ថា៖ “បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកប្រទេសឡើងវិញ ចាប់ពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១មក ពិនិត្យឃើញថា វិស័យអាកាសចរណ៍ស៊ីវិល (ការដឹកជញ្ជូនតាមផ្លូវអាកាស) កាន់តែមានដំណើរការល្អប្រសើរ ជាលំដាប់ពីមួយឆ្នាំទៅឆ្នាំ”។

បន្ថែមពីនេះ​ លោក​ ស៊ីន ចាន់សិរីវុត្ថា ថា៖ គិតមកដល់បំណាច់ខែធ្នូ ឆ្នាំ២០២២នេះ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៧ ក្រុមហ៊ុនបានតភ្ជាប់ជើងហោះហើរឡើងវិញ គឺស្មើនឹងជិត៦០% នៃឆ្នាំ២០១៩ ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា ដោយនៅឆ្នាំ២០១៩ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤៤ ក្រុមហ៊ុន ដែលធ្លាប់បានធ្វើការហោះហើរ (មិនរាប់បញ្ចូលនូវក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរជាលក្ខណៈ Charter)។

...

គួរជម្រាបដែរថា​ សម្រាប់​ឆ្នាំ​២០២៣នេះដែរ​ លោក​អនុរដ្ឋលេខាធិការ​ ក៏បានរំពឹងទុកថា ចំនួនអ្នកដំណើរ នឹងមានកើនឡើងរហូតដល់ ៤,៦០០,០០០នាក់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print