ភ្នំពេញ : នៅព្រឹកថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨និង១៨នាទីព្រឹក នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖
១- សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។
៣- សេចក្តីព្រាងគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្ត ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨។
៤- សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
៥- បញ្ហាផ្សេងៗ។
ក្រោយពីបានស្តាប់របាយការណ៍ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេចតាមរបៀបវារៈ ដែលមានលទ្ធផលនិងខ្លឹមសារសង្ខេបដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាស ឱ្យប្រើនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំឱ្យមានជាក្របខ័ណ្ឌគតិយុត្តសម្រាប់របបគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ដោយផ្ដោតសំខាន់លើប្រព័ន្ធថវិកាផ្អែកលើធាតុចូល។ នៅក្នុងឆ្នាំ២០០៤ រាជរដ្ឋាភិបាលកម្ពុជាបាន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីកែទម្រង់ការគ្រង់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមាន គោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាផ្អែកលើធាតុចូលនិងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ ពោលគឺសំដៅប្រែក្លាយជាជំហានៗនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យទៅជាប្រព័ន្ធមួយស្របតាមបទដ្ឋាននិងឧត្តមានុវត្តន៍អន្តរជាតិ។ ជាលទ្ធផលច្បាប់ស្តីពីប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០០៨) ត្រូវបានអនុម័តដើម្បីបើកច្រកដល់ការកែទម្រង់ប្រព័ន្ធថវិកា
តាមរយៈការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រថវិកា និងចាប់ផ្ដើមអនុវត្តសាកល្បងថវិកាកម្មវិធី។ ទោះជាយ៉ាងនេះក្តី ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០០៨) មិនមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ការកសាងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្មនៅឡើយទេ ដែលប្រការនេះតម្រូវឱ្យមានការ រៀបចំច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីឡើងវិញ ឱ្យស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ និង ការរក្សាតុល្យភាពនៃការអនុវត្តល្អរបស់កម្ពុជា ជាមួយនឹងទិសដៅនៃការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងកម្មវិធីកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោលនិងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា «ថវិកាសមិទ្ធកម្ម» ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ។ សេចក្តីព្រាងច្បាប់នេះ ក៏នឹងក្លាយជាក្របខ័ណ្ឌគតិយុត្តមួយកំណត់អំពីគោលការណ៍ ជាមូលដ្ឋានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការរៀបចំច្បាប់ហិរញ្ញវត្ថុ ព្រមទាំងកំណត់ អំពីមុខងារនិងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធ ក៏ដូចជាការផ្ទេរសិទ្ធិអំណាចផ្ទៃក្នុង និងការ ទទួលខុសត្រូវរបស់ក្រសួងស្ថាប័នចំពោះរាជរដ្ឋាភិបាលនិងរដ្ឋសភា ក្នុងក្របខ័ណ្ឌកញ្ចប់ថវិកា របស់ខ្លួន។ លើសពីនេះ ភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹង គោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដែលជាសសរស្ដម្ភទាំងបួននៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក៏ត្រូវបានគិតគូរបញ្ចូលគ្រប់ជ្រុងជ្រោយ សំដៅធានាប្រសិទ្ធភាពនិងចីរភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និង សមធម៌សង្គម៕
ដោយ : សិលា