ខេត្តកំពង់ឆ្នាំង ៖ កម្មការិនីម្នាក់បានស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីត្រូវរថយន្តទំនើប១គ្រឿងបានបុកកម្មការិនីម្នាក់ក្នុងពេលដែលដើរនៅលើចិញ្ចើមផ្លូវ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤២និង៤៣ចំណុចខាងមុខរោងចក្ររ៉ាយស៊ិនអោដ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញែម អរ័ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិវាលស្បៅ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច មានមុខរបរជាកម្មករោងចក្រ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-2730 ។ ចំណែកឯរថយន្តបង្ករម៉ាក លុចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-5969 បើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តលិចស៊ិស១គ្រឿង បានបានធ្វើដំណើរក្នុងទិសដៅពីជើងត្បូងក្នុងល្បឿនយ៉ាងលឿង នៅពេលមកដល់ចំណុចកើតហេតុក៍ស្រាប់តែមានកម្មការនីម្នាក់ដែលជិះក្នុងដំណើរស្របទិសគ្នា ដែលបម្រុងនឹងឆ្លងផ្លូវក៍ត្រូវរថយន្តលិចស៊ិសបុកពេញមួយទំហឹងតែម្តង បណ្តាលឲ្យកម្មការនីដួលបោកក្បាលទៅនឹងផ្លូវ ហើយបានស្លាប់នៅពេលលើកដាក់លើរថយន្តសង្រ្គោះ។
ក្រោយពេលកើតហេតុអ្នកបើកបរថយន្តលិចស៊ិសបានគេចខ្លួនបាត់ ចំណែកមធ្យោបាយបង្ករត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ៕
ដោយ៖ ចន្ថា