ភ្នំពេញ: បុរសម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងចេញពីធ្វើការត្រូវរថយន្តព្រូសបុកពីក្រោយទាំងកំរោល កាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខការាសសាំងតេលា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សឹង សុខុន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបើកបររថយន្តឱ្យក្រុមហ៊ុនមួយ ស្នាក់នៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិព្រៃពង្រ ឃុំស្គុស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Wave RSX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GN-1799ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តព្រូសមួយគ្រឿងពណ៌ស មិនចាំស្លាកលេខ បើកមកពីក្រោយបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះផ្លោងបោកផ្ទប់ទៅនឹងថ្នល់បែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ។ ចំណែករថយន្តបង្កហេតុបានបើករត់ចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកម៉តូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំធ្វើការសាវជ្រាវរករថយន្តបង្កហេតុដើម្បីយកមកដោះស្រាយគ្នាតាមនីតិវិធីច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ភារ៉ា ដង្កោ