បន្ទាប់ពីបើកការវាយប្រហារយ៉ាងខ្លាំងពីក្រុមទាហានបះបោរដែលមានការគាំទ្រពីអាមេរិកនោះពួកអង្គការរដ្ឋអ៊ិស្លាមនៅស៊ីរីបាននិងកំពុងដកថយចាញ់ជាបណ្តើរៗ នៅចំពោះមុខកងទ័ពរដ្ឋាភិបាលលោក អាសាដ ដែលគាំទ្រដោយរុស្ស៊ី និងនៅចំពោះមុខកងប្រដាប់អាវុធ គួឌីស្ថាន ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ កងកម្លាំង គួឌីស្ថាន ដែលរុលបន្តរុលទៅមុខជានិច្ចសំដៅក្រុងម៉ានប៊ី Minbej ក្រុងយុទ្ធសាស្ត្រមួយរបស់ពួកអង្គការរដ្ឋអ៊ិស្លាម។
នៅសល់តែ៥គីឡូម៉ែត្រទៀតប៉ុណ្ណោះកងកម្លាំង គួឌីស្ថាន ឬកងទ័ពគួដគាំទ្រដោយអាមេរិកនឹងចូលទៅក្រុងម៉ានប៊ី ដែលជាទីតាំងយុទ្ធសាស្ត្រមួយរបស់ពួកអង្គការរដ្ឋអ៊ិស្លាមប្រចាំខេត្តអាឡិបរបស់ស៊ីរី។
គិតចាប់តាំងពីថ្ងៃបើកប្រតិបត្តិការវាយលុកនៅតំបន់អាឡិបថ្ងៃទី៣១ ខែឧសភា មក កងកម្លាំងគួឌីស្ថាននេះរំដោះបាន១៩ភូមិ តែកម្មវត្ថុចំបងគឺដណ្តើមយកមកវិញឲ្យបានក្រុង ម៉ានប៊ី ពីកណ្តាប់ដៃពួកអង្គការរដ្ឋអ៊ីស្លាម។ ព្រោះក្រុងម៉ានប៊ី ជាផ្លូវដង្ហើម និងជាទីសំណាក់ដ៏សំខាន់មួយរបស់ពួកអង្គការរដ្ឋអ៊ីស្លាម ដោយមានកម្លាំងមនុស្ស ការដឹកអាវុធ ស្បៀង និងថវិកា តែងឆ្លងកាត់ពីតួកគីសំដៅទៅតំបន់ផ្សេងៗទៀតរបស់ស៊ីរី។ ស្ថិតនៅចម្ងាយប្រមាណតែ៣០គីឡូម៉ែត្រពីព្រំដែនប្រទេសតួកគី ការដណ្តើមបានក្រុងម៉ានប៊ី ប្រៀបដូចជាបានផ្តាច់ផ្លូវ ធ្វើឱ្យក្រុង រ៉ាខា (នៅខាងត្បូងចម្ងាយប្រមាណ១៣០គីឡូម៉ែត្រ) ដែលជាជង្រុកជីហាត រដ្ឋអ៊ិស្លាមជ្រុលនិយមដ៏ធំបំផុតមួយនៅស៊ីរីកាន់តែឯកា។
សម្រាប់អាមេរិកផ្តាច់ផ្លូវពួកអង្គការរដ្ឋអ៊ិស្លាមមិនឲ្យភ្ជាប់ទៅព្រំដែនតួកគីបានគឺជាជោគជ័យផ្នែកយុទ្ធសាស្ត្រដ៏សំខាន់ហេតុដូច្នេះហើយបានជាកងទ័ពសម្ព័ន្ធមិត្តអន្តរជាតិបន្តធ្វើប្រតិបត្តិការផ្លូវអាកាស ៩ជើង នៅយប់មិញលើក្រុង ម៉ានប៊ី។ ទន្ទឹមគ្នានេះ ខាងកងទ័ពរដ្ឋាភិបាលស៊ីរីរបស់លោកអាសាដដែលមានជំនួយពីរុស្ស៊ី ក៏បានបើកមុខព្រួញសំដៅក្រុងរ៉ាខា តាំងពីថ្ងៃទី២ ខែមិថុនា មកដែរ និងស្ថិតនៅចម្ងាយតែប្រមាណ ៤៥គីឡូម៉ែត្រពីក្រុង។
សូមបញ្ជាក់ថា ប្រតិបត្តិការប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ិស្លាមកំពុងប្រព្រឹត្តទៅទាំងនៅស៊ីរី និងអ៊ីរ៉ាក់។ នៅអ៊ីរ៉ាក់បន្ទាប់ពីបានប្រយុទ្ធយ៉ាងស្វិតស្វាញដណ្តើមក្រុងហ្វាលូចាមកវិញអស់ពីរសប្តាហ៍ កងទ័ពអ៊ីរ៉ាក់បានរុលទៅមុខខ្លាំងចូលក្នុងក្រុង និងបានរកឃើញរណ្តៅកប់ខ្មោចរួមដ៏ធំមួយ មានសាកសពប្រមាណជាង ៤រយនាក់ ភាគច្រើនជាទាហ៊ានផង។ ប៉ុន្តែការដណ្តើមយកក្រុងហ្វាលូចាទាំងស្រុងមកវិញ ហាក់ដូចមានការលំបាកខ្លាំង ដោយពួកជីហាតរដ្ឋអ៊ិស្លាមធន់ខ្លាំងផងនិងវត្តមានជនស៊ីវិលច្រើនផង ៕
ប្រែសម្រួល៖ សាធី