ក្រុមទាហានបះបោរស៊ីរីដណ្តើមបានទីតាំងជាច្រើនពីក្រុង ​IS

ចែករំលែក៖

បន្ទាប់ពីបើកការវាយប្រហារយ៉ាងខ្លាំងពីក្រុមទាហានបះបោរដែលមានការគាំទ្រពីអាមេរិកនោះពួកអង្គការ​រដ្ឋ​អ៊ិស្លាម​នៅ​ស៊ីរីបាន​និង​កំពុង​ដកថយចាញ់​​ជា​បណ្តើរៗ​ ​នៅចំពោះ​មុខ​​​កងទ័ព​រដ្ឋាភិបាល​លោក ​អាសាដ ដែល​គាំទ្រ​ដោយ​រុស្ស៊ី និង​នៅ​ចំពោះ​មុខ​​កងប្រដាប់​អាវុធ​ គួឌីស្ថាន ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក។ កង​កម្លាំង ​គួឌីស្ថាន​ ដែល​រុល​​បន្ត​រុល​ទៅមុខ​ជានិច្ចសំដៅ​ក្រុង​ម៉ានប៊ី Minbej ក្រុង​យុទ្ធសាស្ត្រ​មួយ​របស់​ពួក​អង្គការ​រដ្ឋអ៊ិស្លាម។

នៅសល់​តែ​៥​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះកងកម្លាំង​ គួឌីស្ថាន ឬ​កងទ័ព​គួដគាំទ្រ​ដោយ​អាមេរិក​នឹង​ចូល​ទៅ​ក្រុង​ម៉ានប៊ី ដែល​ជា​ទីតាំ​ងយុទ្ធសាស្ត្រ​មួយរបស់​ពួក​អង្គការ​រដ្ឋ​អ៊ិស្លាម​ប្រចាំ​ខេត្ត​អាឡិប​របស់​ស៊ីរី។

គិត​ចាប់​តាំង​ពីថ្ងៃ​បើក​ប្រតិបត្តិការ​វាយ​លុកនៅ​តំបន់​អាឡិប​​ថ្ងៃ​ទី៣១ ខែ​ឧសភា ​មក កង​​កម្លាំង​​គួឌីស្ថាននេះ​​រំដោះ​​បាន​​១៩​ភូមិ​ តែ​កម្មវត្ថុ​ចំបង​គឺ​ដណ្តើម​យក​មក​វិញឲ្យ​បាន​ក្រុង ម៉ានប៊ី ពី​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ ព្រោះក្រុង​ម៉ានប៊ី ជា​​ផ្លូវ​ដង្ហើម​​​​ និង​ជា​ទី​សំណាក់​ដ៏​​សំខាន់​មួយ​របស់​ពួកអង្គការ​រដ្ឋ​អ៊ីស្លាម ដោយ​​មាន​​​កម្លាំង​មនុស្ស ការ​ដឹក​អាវុធ​ ស្បៀង និង​ថវិកា​ តែង​ឆ្លង​កាត់​​​ពី​តួកគីសំដៅ​ទៅ​តំបន់​ផ្សេងៗ​ទៀត​របស់​ស៊ីរី។ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​៣០​គីឡូម៉ែត្រ​ពី​ព្រំ​ដែន​ប្រទេស​តួកគី ការ​ដណ្តើម​បាន​ក្រុង​​ម៉ានប៊ី ប្រៀប​ដូច​ជា​បាន​ផ្តាច់​ផ្លូវ​ ធ្វើ​ឱ្យ​ក្រុង​ រ៉ាខា (នៅ​ខាង​ត្បូង​​ចម្ងាយ​ប្រមាណ​១៣០គីឡូម៉ែត្រ​) ដែល​ជា​ជង្រុក​​ជីហាត ​​រដ្ឋ​អ៊ិស្លាម​ជ្រុលនិយមដ៏​ធំ​បំផុត​មួយនៅ​ស៊ីរីកាន់​តែ​ឯកា។

សម្រាប់​អាមេរិក​ផ្តាច់​ផ្លូវ​ពួក​អង្គការរដ្ឋ​អ៊ិស្លាមមិន​ឲ្យ​​ភ្ជាប់​ទៅ​ព្រំដែន​តួកគីបានគឺ​ជា​​ជោគជ័យ​​​ផ្នែក​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ហេតុ​ដូច្នេះហើយ​បាន​ជា​កងទ័ព​សម្ព័ន្ធ​​មិត្ត​អន្តរជាតិបន្ត​ធ្វើ​ប្រតិបត្តិការ​ផ្លូវ​អាកាស​ ៩​ជើង​ នៅ​យប់​មិញលើ​ក្រុង​ ម៉ានប៊ី។ ទន្ទឹម​គ្នា​នេះ ខាង​​កងទ័ព​រដ្ឋាភិបាល​ស៊ីរីរបស់​លោក​អាសាដដែល​​មាន​ជំនួយ​ពីរុស្ស៊ី ក៏​បាន​បើក​​មុខ​ព្រួញ​សំដៅ​ក្រុង​រ៉ាខា តាំង​ពី​ថ្ងៃទី២ ខែ​មិថុនា ​មក​ដែរ និង​ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​ ៤៥​គីឡូម៉ែត្រពី​ក្រុង។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​ប្រឆាំង​នឹងពួក​អង្គការ​រដ្ឋ​អ៊ិស្លាមកំពុងប្រព្រឹត្ត​ទៅ​ទាំង​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ នៅ​អ៊ីរ៉ាក់​បន្ទាប់​ពីបាន​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ​​ដណ្តើម​ក្រុង​ហ្វាលូចាមក​វិញ​អស់​ពីរ​សប្តាហ៍ កងទ័ពអ៊ីរ៉ាក់​បាន​រុល​ទៅ​មុខ​ខ្លាំងចូល​ក្នុង​ក្រុង​ និង​​បាន​រក​ឃើញ​រណ្តៅ​កប់​ខ្មោច​រួម​ដ៏​ធំ​មួយ មាន​សាក​សព​ប្រមាណជាង ​៤​រយ​នាក់ ភាគ​ច្រើន​ជា​ទាហ៊ាន​ផង។ ប៉ុន្តែ​ការ​ដណ្តើម​យក​ក្រុង​ហ្វាលូចា​ទាំង​ស្រុង​មក​វិញ ហាក់​ដូច​​មាន​ការ​លំបាក​ខ្លាំង ដោយ​ពួក​ជីហាត​រដ្ឋអ៊ិស្លាមធន់ខ្លាំងផង​​និង​វត្តមាន​ជន​​ស៊ីវិល​​​ច្រើនផង ៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print