ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រឡុកសីុម៉ងត៍របស់ក្រុមហ៊ុនTPIPLជិះពីក្រុមហ៊ុនបួងចង្កូតលឿនពេកជ្រុកទៅបុកម៉ូតូឌ្រីមសង់សេ១២៥បណ្ដាលរបួសធ្ងន់២នាក់ កាលវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៦ នៅចំណុចនៅមុខការដ្ឋានកន្លែងកើតហេតុតាមផ្លូវសបិទ ក្រុម៧៨ ស្ថិតក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីអ្នកឃើញអ្នកឃើញហេតុការបានប្រាប់ថា មុនកើតហេតុរថយន្តក្រឡុកសីុម៉ងត៍ ពណ៌ត្រួតចេក ពាក់ស្លាកលេខភ្នំពេញ៥A-0960 របស់ក្រុមហ៊ុនTPIPL បើកចេញពីក្រុមហ៊ុនពីកើតទៅលិចហើយបត់ឆ្វេងដោយបួងចង្កូតលឿនពេកក៏ជ្រុលទៅបុកម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CT-4758 ជិះ២ម្នាក់តាមផ្លូវសបិទ ពីជើងមកត្បូងក៏ត្រូវរថយន្តបុកម៉ូតូចូលក្រោមទាំងជនរងគ្រោះទាំង២នាក់និងម៉ូតូបណ្ដាលឲ្យខ្ទេចស្ទើរទាំងស្រុង ចំណែកជនរងគ្រោះអ្នកបើកម៉ូតូបាក់ជើងទាំងសងខាង និងអ្នកអង្គុយក្រោយរបួសធ្ងន់ ។
ក្រោយកើតហេតុដោយសារតែជនរងគ្រោះគឺជាកម្មកររបស់ក្រុមហ៊ុនខាងលើក៏បានចរចាគ្នានៅនឹងកន្លែងកើតហេតុដោយភាគីរថយន្តក្រឡុកសីុម៉ងត៍របស់ក្រុមហ៊ុនTPIPL ព្រមសងថ្លៃព្យាបាលឲ្យទៅជនរងគ្រោះទាំងអស់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕
ដោយ៖ ស រស្មី