ភ្នំពេញ : អ្នកនាំពាក្យក្រសួងព័ត៌មាន សូមជម្រាបជូនដល់សាធារណៈជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២០:៣០នាទី ទំព័រហ្វេសប៊ុក ក្រសួង បានចេញផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា “គណបក្សភ្លើងទៀន បាន ប្រកាសថា ការឃុំខ្លួន និងចាប់ខ្លួន លោក ថាច់ សេដ្ឋា គឺជារឿងត្រឹមត្រូវតាម នីតិវិធីច្បាប់នៅ កម្ពុជា មិនពាក់ព័ន្ធរឿងនយោបាយទេ” ។
ការចេញផ្សាយអត្ថបទដែលមានចំណងជើងដូចបានបញ្ជាក់ខាងលើ គឺផ្អែកលើសេចក្តី ថ្លែងការណ៍មួយ ចុះថ្ងៃអង្គារ៍ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលមានទាំងសញ្ញាសម្គាល់គណបក្សភ្លើងទៀន (Logo គណបក្សភ្លើងទៀន) និងបោះត្រាគណបក្សភ្លើងទៀនផងដែរ។ សេចក្ដីថ្លែងការណ៍នេះ ភ្នាក់ងារព័ត៌មានក្រសួង ទទួល បានពីមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយរូបជាអ្នកផ្ញើឱ្យដែលធ្វើឱ្យភ្នាក់ងារយើងជឿថា នោះជាសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀតពិតប្រាកដ។ ប៉ុន្តែ ក្រោយមកក៏ស្រាប់តែ មានសេចក្តីថ្លែងការណ៍មួយទៀតរបស់គណបក្សភ្លើងទៀនដដែលបានបដិសេធនូវព័ត៌មានវិញ។ ភ្នាក់ងារសារព័ត៌មានយើងក៏បានសម្រេចលុបព័ត៌មាននោះចោលភ្លាមៗដែរ។
ក្រសួងព័ត៌មាន សូមអំពាវនាវឱ្យគណបក្សភ្លើងទៀនពិនិត្យមើលផ្ទៃក្នុងរបស់ខ្លួនឡើងវិញ ដែលហាក់ដូចកំពុងបែកបាក់ជាច្រើនក្រុម ដែលនាំឱ្យការចេញផ្សាយព័ត៌មានគ្មានការឯកភាពគ្នា ដែលធ្វើឱ្យមានភាពច្របូកច្របល់។
អ្នកនាំពាក្យ ក្រសួងព័ត៌មាន សូមបញ្ជាក់ជូនថា ក្រសួងព័ត៌មាន តែងតែយកចិត្តទុកដាក់ ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានពិត និងប្រឆាំងគ្រប់សកម្មភាពក្នុងការផ្សព្វផ្សាយព័ត៌មានមិន ឬព័ត៌មានក្លែងក្លាយ៕
ដោយ : សិលា