ភ្នំពេញ៖ នាឱកាសពិធីសំណេះសំណាល និងពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រសាសន៍សំខាន់ៗមានដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «មន្ទីរពេទ្យតេជោសន្តិភាព» អាចមានសមត្ថភាពទទួលអ្នកជំងឺជិត ១ ម៉ឺននាក់ ដោយមានគ្រែសម្រាកព្យាពាលសរុបចំនួន ៩៤៩៦ គ្រែ សម្រាប់ទទួលអ្នកជំងឺ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ឱ្យទៅជាមន្ទីរពេទ្យឯកទេសជំងឺមហារីកសម្រាប់ព្យាពេលប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការកសាង «មន្ទីរពេទ្យតេជោសន្តិភាព» គោលដៅធំសម្រាប់គ្រប់គ្រងជំងឺឆ្លង ប៉ុន្ដែបើសិនជាគ្មានជំងឺឆ្លងត្រូវរៀបចំមន្ទីរពេទ្យនេះឱ្យទៅជាមន្ទីរពេទ្យពហុព្យាបាលវិញ ដើម្បីកាត់បន្ថយភាពតាងនឹងនៅក្នុងរាជធានីភ្នំពេញ។
សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា ក្រោយចុះត្រួតពិនិត្យសម្ដេចបញ្ជាឱ្យកែតម្រូវទីតាំងមួយកន្លែងដែលគ្រោងធ្វើសួនច្បារ ឱ្យរៀបចំទៅជាកន្លែងរោងជាងសម្រាប់ការជួសជុល និងរៀបចំជាកន្លែងចំណតយានយន្តវិញ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កូវីដ១៩ បានផ្ដល់មេរៀនដល់យើង វាអាក្រក់ ប៉ុន្ដែវាបានដាស់តឿនពិភពលោកឱ្យមានការប្រុងប្រយ័ត្ននឹងជំងឺឆ្លង ដូច្នេះកម្ពុជាមាន «មន្ទីរពេទ្យតេជោសន្តិភាព» ជាកន្លែងស្ដង់ដាគ្រប់គ្រាន់សម្រាប់គ្រប់គ្រងជំងឺឆ្លង។
សម្តេចតេជោ ហ៊ុន សែន សម្ដេចផ្ដល់សិទ្ធិដល់ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ក្នុងការចុះហត្ថលេខាតែងតាំងអនុប្រធាន «មន្ទីរពេទ្យតេជោសន្តិភាព» ចំនួន ៥ រូប ដើម្បីពន្លឿនក្នុងចាត់ចែងអនុវត្តការងារក្នុងមន្ទីរពេទ្យ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្រេចអនុញ្ញាតឱ្យក្រសួងសុខាភិបាល ជ្រើសរើសក្របខណ្ឌគ្រូពេទ្យចំនួន ២០០ នាក់បន្ថែមទៀត ដើម្បីបំពេញតម្រូវការសម្រាប់ការព្យាបាលប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិស័យអប់រំ និងវិស័យសុខាភិបាល គឺជាវិស័យអាទិភាពជាងគេ ខណៈកាលពីឆ្នាំ ២០២២សម្ដេចបានអនុញ្ញាតឱ្យជ្រើសរើសគ្រូពេទ្យក្របខណ្ឌ ៣ ពាន់នាក់ ហើយថ្ងៃនេះ សម្ដេចបានបន្ថែមចំនួន ២០០ នាក់ និងផ្ដល់ជូនបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០០ នាក់បន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ឱ្យក្រសួងសុខាភិបាលត្រូវមានការពិភាក្សាអំពីតម្រូវការធនធានមនុស្សវិស័យសុខាភិបាលបន្ថែមទៀតឱ្យបានច្បាស់លាស់នាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កង្វល់របស់សម្ដេច សម្រាប់ពេលបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយសម្ដេចស្នើពលរដ្ឋត្រូវយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ និងបើបរប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើរ។
សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់អ្នកទាំងឡាយ កុំយករឿងអ្វីៗសុទ្ធតែជារឿងនយោបាយទាំងអស់ នេះជាការទទូចរបស់សម្ដេច។ ប៉ុន្ដែសម្ដេចក៏មានការចាត់វិធានការតាមផ្លូវច្បាប់ បើសិនជាមានការចោទប្រកាន់មកគណបក្សប្រជាជន។
ជាមួយគ្នានោះ សម្តេចតេជោ ថ្លែងបញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជន ពិនិត្យមើលសេចក្ដីថ្លែងការណ៍ ដែលគណបក្សមួយ ចេញសេចក្ដីថ្លែងការណ៍ប្រមាថដល់គណបក្សប្រជាជន ដើម្បីចាត់វិធានការតាមច្បាប់៕ ដោយ៖សហការី