សម្តេចតេជោ​ ហ៊ុន សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗក្នុងឱកាសពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្នុងសង្កាត់គោករកា

ចែករំលែក៖

ភ្នំពេញ៖ នាឱកាស​ពិធី​​សំណេះ​សំណាល និងពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែមករា ឆ្នាំ២០២៣នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែង​ប្រសាសន៍សំខាន់ៗ​មានដូចខាងក្រោម​៖

សម្តេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ថា៖​ «មន្ទីរពេទ្យតេជោសន្តិភាព» អាចមានសមត្ថភាពទទួលអ្នកជំងឺជិត ១ ម៉ឺននាក់ ដោយមានគ្រែសម្រាកព្យាពាលសរុបចំនួន ៩៤៩៦ គ្រែ សម្រាប់ទទួលអ្នកជំងឺ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​ថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ឱ្យទៅជាមន្ទីរពេទ្យឯកទេស​ជំងឺ​មហារីកសម្រាប់ព្យាពេលប្រជាពលរដ្ឋ។

សម្តេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ថា​ ការកសាង «មន្ទីរពេទ្យតេជោសន្តិភាព» គោលដៅធំសម្រាប់គ្រប់គ្រងជំងឺឆ្លង ប៉ុន្ដែ​បើ​សិន​ជាគ្មានជំងឺឆ្លងត្រូវរៀបចំមន្ទីរពេទ្យនេះឱ្យទៅជាមន្ទីរពេទ្យពហុព្យាបាលវិញ ដើម្បីកាត់​បន្ថយភាពតាងនឹងនៅក្នុងរាជធានីភ្នំពេញ។

សម្តេចនាយករដ្ឋមន្ត្រី ថ្លែង​ថា​ ក្រោយចុះត្រួតពិនិត្យសម្ដេចបញ្ជាឱ្យកែតម្រូវទីតាំងមួយ​កន្លែងដែលគ្រោង​ធ្វើសួន​ច្បារ ឱ្យរៀបចំទៅជាកន្លែងរោងជាងសម្រាប់ការជួសជុល និងរៀបចំជាកន្លែងចំណតយានយន្តវិញ។

សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ថា កូវីដ១៩ បានផ្ដល់មេរៀនដល់យើង វាអាក្រក់ ប៉ុន្ដែវាបានដាស់តឿនពិភពលោក​ឱ្យមាន​ការប្រុងប្រយ័ត្ននឹងជំងឺឆ្លង ដូច្នេះកម្ពុជាមាន «មន្ទីរពេទ្យតេជោសន្តិភាព» ជាកន្លែងស្ដង់ដា​គ្រប់គ្រាន់​សម្រាប់គ្រប់គ្រងជំងឺឆ្លង។

សម្តេចតេជោ​ ហ៊ុន​ សែន​ សម្ដេចផ្ដល់សិទ្ធិដល់ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ក្នុងការ​ចុះហត្ថលេខាតែងតាំងអនុប្រធាន «មន្ទីរពេទ្យតេជោសន្តិភាព» ចំនួន ៥ រូប ដើម្បីពន្លឿនក្នុង​ចាត់ចែង​អនុវត្តការងារក្នុងមន្ទីរពេទ្យ។

សម្តេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ថា​ សម្រេចអនុញ្ញាតឱ្យក្រសួងសុខាភិបាល ជ្រើសរើសក្របខណ្ឌគ្រូពេទ្យចំនួន ២០០ នាក់បន្ថែមទៀត ដើម្បីបំពេញតម្រូវការសម្រាប់ការព្យាបាលប្រជាពលរដ្ឋ។

សម្តេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ថា​ វិស័យអប់រំ និងវិស័យសុខាភិបាល គឺជាវិស័យអាទិភាពជាងគេ ខណៈកាលពីឆ្នាំ ២០២២សម្ដេចបានអនុញ្ញាតឱ្យជ្រើសរើសគ្រូពេទ្យក្របខណ្ឌ ៣ ពាន់នាក់ ហើយថ្ងៃនេះ សម្ដេចបានបន្ថែមចំនួន ២០០ នាក់ និងផ្ដល់ជូនបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០០ នាក់បន្ថែមទៀត។

សម្តេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​បញ្ជាក់ឱ្យក្រសួងសុខាភិបាលត្រូវមានការពិភាក្សា​អំពីតម្រូវការធនធាន​មនុស្សវិស័យសុខាភិបាលបន្ថែមទៀតឱ្យបានច្បាស់លាស់នាពេលខាងមុខ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានគូសបញ្ជាក់​ថា កង្វល់របស់សម្ដេច សម្រាប់ពេលបុណ្យចូលឆ្នាំប្រពៃណីចិន និង​វៀតណាម គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយសម្ដេចស្នើ​ពលរដ្ឋត្រូវយកចិត្ត​ទុកដាក់គោរព​ច្បាប់ចរាចរណ៍ និងបើបរប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើរ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានផ្ញើសារទៅកាន់អ្នកទាំងឡាយ កុំយករឿងអ្វីៗសុទ្ធតែជារឿងនយោបាយទាំងអស់ នេះជាការទទូចរបស់សម្ដេច។ ប៉ុន្ដែសម្ដេចក៏មានការចាត់វិធានការតាមផ្លូវច្បាប់ បើសិនជាមានការចោទប្រកាន់មកគណបក្សប្រជាជន។

...

ជាមួយគ្នានោះ​ សម្តេចតេជោ​ ថ្លែងបញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជន ពិនិត្យមើលសេចក្ដីថ្លែងការណ៍ ដែលគណបក្សមួយ ចេញសេចក្ដីថ្លែងការណ៍ប្រមាថដល់គណបក្សប្រជាជន ដើម្បីចាត់វិធានការតាមច្បាប់៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print