ខេត្តត្បូងឃ្មុំ៖ បុរសចំណាស់ម្នាក់ដែលជាពេទ្យគ្មានក្របខ័ណ្ឌឬអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ គ្រាដែលជនសង្ស័យបានដើរព្យាបាលជំងឺតាមភូមិ ហើយបានចាក់ថ្នាំបុរសម្នាក់បណ្តោយឲ្យស្លាប់បាត់បង់ជីវិត ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៩និង០៥នាទីព្រឹកថ្ងៃទី៦ មិថុនា ២០១៦ ស្ថិតនៅក្នុងភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជាពេទ្យគ្មានអាជ្ញាប័ណ្ណមានឈ្មោះ ពេជ្រ ញ៉ ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ បានទទួលព្យាបាលជំងឺចាក់ថ្នាំដល់ផ្ទះឲ្យឈ្មោះ ឯម ថុល ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា គ្រាដែលជនរងគ្រោះមានអាការៈឈឺទ្រូង និងខ្យល់បែកញើស ដែលត្រូវចាក់ថ្នាំ៣ម្ជុល គឺ១-ថ្នាំ Camphor ចំនួន១អំពូល ចាក់ត្រគាក ២-ថ្នាំ Becomphex ចំនួន១អំពូល ចាក់ត្រគាក ៣-ថ្នាំ Hydrocortisone និងទឹកលាយ១ដប ចាក់សាច់ដុំស្មា ក្រោយពីចាក់ថ្នាំរួចបានប្រហែលជា៣០នាទីអ្នកជំងឺមិនបានធូរស្រាលទេ គឺមានអាការៈធ្ងន់ធ្ងរជាងមុន ហើយក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់គ្លីនិកផ្សេង ប៉ុន្តែមិនទៅដល់គ្លីនិកផង ជនរងគ្រោះក៏ត្រូវបានស្លាប់បាត់បង់ជីវិតតាមផ្លូវតែម្ដង ។
ក្រោយពីកើតហេតុសមត្ថកិច្ចក៏បានសម្រេចឃាត់ខ្លួនជនសង្ស័យដែលជាពេទ្យប្រចាំភូមិគ្មានអាជ្ញាប័ណ្ណ យកទៅអធិការដ្ឋាននគរបាលក្រុងសួងដើម្បីធ្វើការសួរនាំ និងចងក្រងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណះ