ភ្នំពេញ : កម្មវិធីសប្បុរសធម៌ និងសំណេះសំណាលជាមួយប្អូនៗ កុមារកំព្រា និងមានពិការភាពនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ នៅ វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី។ កម្មវិធីនេះអមដំណើរដោយ លោក សុខ សប្បាយណា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងជាប្រធានប្រតិបត្តិយុទ្ធនាការ #BeyondThegames លោកស្រី នាង ផល្លា ប្រធានគណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងចូលរួមពីលោក លោកស្រី សមាជិក សមាជិកាគណៈគ្រប់គ្រង និងបុគ្គលិក វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីប្អូនៗ KOLs (Key Opinion Leaders) និងក្រុមការងារយុទ្ធនាការ Beyond The Games។
នាឱកាសសំណេះសំណាលនេះដែរ លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយ ចិត្ត ក្នុងការបង្ហាត់បង្រៀនក្មួយៗសិស្សានុសិស្ស ឲ្យទទួលបានការអប់រំ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការរីកលូតលាស់នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ ពិតណាស់បានមកពីការចូលរួមពីរាជរដ្ឋាភិបាល សប្បុរសជន លោកគ្រូ អ្នកគ្រូ ក្នុងគោលបំណងរួម គឺដើម្បីកសាងធនធានមនុស្ស ជាពិសេសគិតគូរអំពីអនាគតប្អូនៗដែលមានវិការភាពនៅកម្ពុជាតែម្តង។
ទន្ទឹមនឹងនេះ លោកបានលើកឡើងថា នៅខែកក្កដា ខាងមុខនេះ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងកើតមានឡើងក្រោមភាពជាម្ចាស់ផ្ទះរបស់កម្ពុជា។ ក្នុងឱកាសនេះដែរ លោកបានគូសបញ្ជាក់ថា ទោះបីជាប្អូនៗ មិនអាចចូលរួមគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដោយផ្ទាល់ក្តី តែកម្មវិធីរបស់យុទ្ធនាការ Beyond the game នាថ្ងៃនេះគឺនាំមកនូវស្មារតីរួមគ្នានៃការគាំទ្រជូនទៅដល់ប្អូនៗ។ ហើយការគាំទ្រព្រឹត្តិការណ៍នេះ គឺជាភាសាបេះដូងដ៏មានអត្ថន័យបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ៕
ដោយ : សិលា