អាល្លឺម៉ង់កំណត់លក្ខខណ្ឌដើម្បីបញ្ជូនរថក្រោះទំនើបទៅឱ្យអ៊ុយក្រែន

ចែករំលែក៖

រថក្រោះ Leopard របស់អាល្លឺម៉ង់ត្រូវបានចាត់ទុកថាស័ក្តិសមបំផុតសម្រាប់អ៊ុយក្រែន ប៉ុន្តែទីក្រុងប៊ែរឡាំងនឹងមិនអនុញ្ញាតឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនបញ្ជូនរថក្រោះផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែនទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនបញ្ជូនរថក្រោះផលិតដោយអាមេរិក។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា បានផ្សាយថា អាល្លឺម៉ង់នឹងអនុញ្ញាតឱ្យបញ្ជូនរថក្រោះផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន ដើម្បីគាំទ្រទីក្រុងគៀវ ក្នុងជម្លោះរបស់ខ្លួនជាមួយទីក្រុងមូស្គូ ប្រសិនបើអាមេរិកយល់ព្រមបញ្ជូនរថក្រោះរបស់ខ្លួនដែរនោះ។
អ៊ុយក្រែនបានអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចឱ្យផ្តល់ជំនួយជាមួយនឹងសព្វាវុធទំនើប ជាពិសេសរថក្រោះប្រយុទ្ធធុនធ្ងន់ ដើម្បីឱ្យវាអាចទទួលបានសន្ទុះឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីជោគជ័យមួយចំនួននៅលើសមរភូមិក្នុងពាក់កណ្តាលទីពីរនៃឆ្នាំ 2022 ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។
សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើឡើងដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីដដែលនេះបានឱ្យដឹងថា អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានលើកឡើងពីលក្ខខណ្ឌខាងលើជាច្រើនដង នៅក្នុងកិច្ចប្រជុំបិទទ្វារ កាលពីប៉ុន្មានថ្ងៃមុននេះ។ ប៉ុន្តែ ខាងទីក្រុងបែរឡាំងមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីទេ ខណៈដែលរដ្ឋាភិបាលរបស់លោក អូឡាហ្វ សូលស៍ នៅតែបន្តរក្សាភាពស្ងៀមស្ងាត់ ជុំវិញសំណើបញ្ជូនរថក្រោះប្រយុទ្ធខ្លារខិន Leopard ឱ្យអ៊ុយក្រែន។
គួរបញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិច នឹងត្រូវជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលមួយដែលនឹងប្រព្រឹត្តទៅនៅឯមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីការផ្ដល់ជំនួយយោធាបន្ថែមឱ្យអ៊ុយក្រែន ដោយផ្ដោតជាសំខាន់លើលទ្ធភាពនៃការបញ្ជូនរថក្រោះប្រយុទ្ធ Leopard ឱ្យទីក្រុងកៀវ។ ប្រទេសជាសម្ព័ន្ធមិត្ត NATO សុទ្ធតែមានរថក្រោះប្រយុទ្ធ Leopard ដែលស័ក្តិសមបំផុតសម្រាប់អ៊ុយក្រែននៅលើសមរភូមិសព្វថ្ងៃ ហើយប្រទេសដូចជាប៉ូឡូញ និងហ្វាំងឡង់ជាដើម បានប្រកាសថា ពួកគេត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់នេះឱ្យអ៊ុយក្រែន ប្រសិនបើមានភ្លើងបៃតងពីអាល្លឺម៉ង៕ ដោយធីរីណា

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print