ពលរដ្ឋរាប់សិបលាននាក់ដែលជាពលករ កម្មករ បានចាកចេញពីទីក្រុងទៅកាន់ស្រុកកំណើតនៅតំបន់ជនបទ ដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំ ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំំ២០២៣ បានផ្សាយថាប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា លោកមានការព្រួយបារម្ភអំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងទីជនបទរបស់ប្រទេសចិន ខណៈដែលមនុស្សរាប់លាននាក់ធ្វើដំណើរទៅកាន់ស្រុកកំណើត មុនការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ។
សារព័ត៌មានស៊ីនហួបានផ្សាយថា គិតត្រឹមតែថ្ងៃពុធមួយថ្ងៃ មានមនុស្សប្រហែល ៣០.២លាននាក់ បានធ្វើដំណើរនៅទូទាំងប្រទេស។ អាជ្ញាធរផ្នែកដឹកជញ្ជូនព្យាករថា ការធ្វើដំណើរច្រើនជាង២ពាន់លានជើង នឹងកើតមានឡើងអំឡុងពេល៤០ថ្ងៃ ចន្លោះពីខែមករាដល់ខែកុម្ភៈ ដែលជាចំនួនច្រើនជាងជិត២ដង បើធៀបពីឆ្នាំ២០២២ និងស្មើនឹងប្រមាណ ៧០ភាគរយនៃកម្រិតមុនពេលមានកូវីដ-១៩។
នៅមុនថ្ងៃឈប់សម្រាកមកដល់ មេដឹកនាំចិនរូបនេះ បានប្រាប់មន្ត្រីក្នុងតំបន់ អំពីការព្រួយបារម្ភជាចម្បងរបស់លោកជុំវិញស្ថានភាពនៅតំបន់ជនបទ និងអ្នករស់នៅទីនោះ ក្រោយពេលដែលប្រទេសចិន បានកែសម្រួលវិធានការឆ្លើយតបនឹងកូវីដ-១៩។ លោក ស៉ី បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើង នូវការថែទាំផ្នែកវេជ្ជសាស្រ្តសម្រាប់អ្នកដែលងាយរងគ្រោះបំផុត រួមទាំងដោះស្រាយការខ្វះខាតក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៅតាមទីជនបទនានា។
ប្រទេសចិនបានបិទបញ្ចប់គោលនយោបាយសូន្យកូវីដ-១៩ កាលពីខែធ្នូ ឆ្នាំ២០២២ និងបានបើកព្រំដែនពេញលេញឡើងវិញនៅដើមឆ្នាំ២០២៣នេះ។ ការធ្វើណើរកម្សាន្ត ឬទៅកាន់ស្រុកកំណើតវិញរបស់ប្រជាជន
ចិនអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ត្រូវគេបានរំពឹងថាអាចនឹងនាំឲ្យ មានការរីករាលដាលនូវជំងឺកូវីដ-១៩ ទៅកាន់ទីជនបទដែលកំពុងស្ថិតក្រោមការកែលម្អជីវភាពនៅឡើយ៕ ដោយធីរីណា
រូបថត : laodong.vn