ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអរគុណរដ្ឋាភិបាលចិន និងអបអរសាទរក្រុមហ៊ុនវិនិយោគទាំង១០០ដែលមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ។
សម្តេចតេជោបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦យ៉ាងដូច្នេះថា៖
«នៅព្រឹកនេះ ខ្ញុំបានមកសម្ពោធដាក់អោយប្រើប្រាស់ក្រុមហ៊ុនវិនិយោគចំនួន ១០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលស្ថិតនៅ ភូមិ បិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសនេះគឺទទួលបានការគាំទ្រពីរដ្ឋាភិបាលចិននិងកម្ពុជា។ ដោយសារទំនាក់ទំនងល្អរបស់កម្ពុជាចិនគឺយើងសង្ឃឹមថាទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងកើនឡើង៥ពាល់លានដុល្លារនៅឆ្នាំ ២០១៧ ខាងមុខ។
នេះជាសក្ខីភាពដែលបានបញ្ជាក់ច្បាស់ថា នៅពេលដែលប្រទេសជាតិមានសុខសន្តិភាព គឺបានទាក់ទាញអ្នកវិនិយោគនិងពាណិជ្ជករអន្តរជាតិកាន់តែច្រើនឡើងមកវិនិយោគនៅក្នុងប្រទេសយើង ដែលបានផ្តល់នូវការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជនយុវនារីនៅក្នុងខេត្តចំនួន ១១៥០០ នាក់។ សូមក្មួយៗថែរក្សាក្រុមហ៊ុន ដែលជាឆ្នាំងបាយរបស់ក្មួយៗអោយបានល្អដើម្បីការងារក្មួយៗ។ ការបាត់បង់រោងចក្រគឺខាតបង់អស់ការងារធ្វើគ្មានប្រាក់ចំណូលដែលធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅ។ រីឯថៅកែ និងអ្នកគ្រប់គ្រងរោងចក្រទូទាំងប្រទេសក៏ត្រូវមើលថែទាំនិងដឹងសុខទុក្ខបុគ្គលិកកម្មករ ហើយបង្កើតលក្ខ័ណ្ឌការងារល្អដើម្បីធានាដល់គុណភាពការងារ។
ខ្ញុំសូមអរគុណរដ្ឋាភិបាលចិន និងអបអរសាទរក្រុមហ៊ុនវិនិយោគទាំង១០០ ដែលមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំបន្តខិតខំគៀងគរនិងទាក់ទាញវិនិយោគទុនបរទេសជាច្រើនថែមទៀតដើម្បីមកវិនិយោគនៅក្នុងប្រទែសយើងដើម្បីផ្តល់នូវការងារ និងមុខរបរកាន់តែច្រើនឡើងថែមទៀតដល់ប្រជាពលរដ្ឋយើង។ ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី និងបេក្ខភាពនាយករដ្ឋមន្រ្តីគឺខ្ញុំប្តេជ្ញាការពារសន្តិភាពដើម្បីជំរុញការអភិវឌ្ឍន៌អោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។
សូមជូនពរក្មួយៗជាបុគ្គលលិកកម្មករទាំងអស់កំពុងធ្វើការនៅក្នុងក្រុមហ៊ុនជាង១០០ រួមទាំងក្មួយៗសាសនិកអ៊ីស្លាមទាំងអស់ជាពិសេសក្នុងថ្ងៃរ៉ាម៉ាដាននេះ សូមជួបតែសំណាងល្អគ្រប់ៗគ្នា» ៕
ដោយ៖ សីលា