កាលពីថ្ងៃទី៦ ខែមិថុនា មន្ត្រីប៉ូលិសអ៊ុយក្រែនបានប្រកាសថា បុរសជនជាតិបារំាងដែលបានចាប់ខ្លួនកាលពីខែឧសភា គឺបានឡើងគម្រោងវាយប្រហារភេរវកម្មនៅក្នុងការប្រគួតបាល់ទាត់អឺរ៉ូដោយរំសែវផ្ទុះ TNT ១២៥គីឡូក្រាម។
ក្រសួងសន្តិសុខអ៊ុយក្រែនបានប្រកាសថា បុរសដែលចាប់ខ្លួន (មិនបញ្ចេញឈ្មោះ) ឡើងគម្រោងវាយប្រហារទៅលើទីតាំង១៥កន្លែងផ្សេងគ្នា ។ ក្រោយការចាប់ខ្លួនប៉ូលិសបានរកឃើញកាំភ្លើង៥ដើម គ្រាប់៥ពាន់គ្រាប់ កាំភ្លើងបាញ់គ្រាប់បែក២ រំសែវផ្ទុះ ១២៥គីឡូក្រាម ។
យោងតាមប្រភពព័ត៌មានអ៊ុយក្រែនដដែលជន Grégoire មានបំណងប្រើប្រាស់អាវុធដែលយកតាមខ្លួនទាំងអស់នោះដើម្បីវាយប្រហារលើទីកន្លែងសាសនាអ៊ិស្លាម និងសាសនាជ្វីហ្វរួមទាំងទីកន្លែងសាធារណៈជាច្រើននៅក្នុងប្រទេសបារាំង។ ចំណែកក្រសួងស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបានបញ្ជាក់ថា ជន Grégoire បានប្រាប់ឲ្យដឹងពីការជំទាស់របស់ខ្លួនចំពោះនយោបាយរបស់រដ្ឋាភិបាលបារាំងទាក់ទងនឹងការទទួលជនអន្តោប្រវេសន៍ការផ្សព្វផ្សាយសាសនាអ៊ិស្លាម និងនយោបាយសកលភាវូបនីយកម្ម។
នៅខាងបារាំងវិញ រដ្ឋអំណាចបានបញ្ជាក់ថា នៅមិនទាន់មានព័ត៌មានណាមួយដែលអនុញ្ញាតឲ្យសន្និដ្ឋានពីផែនការធ្វើភេរវកម្មអ្វីទេ ព្រោះជនជាតិបារាំង Grégoire មិនធ្លាប់ជាប់ឈ្មោះអាក្រក់នៅក្នុងបញ្ជីរបស់ប៉ូលិសទេ។ តែនៅពេលចុះឆែកឆេរក្នុងផ្ទះ Grégoire ប៉ូលិសបារាំងបានរកឃើញអាវយឺតមួយដែលមានសញ្ញាក្រុមស្តាំនិយមជ្រុល។ ខណៈនេះ រដ្ឋអំណាចបារាំងកំពុងដាក់ពាក្យទៅរដ្ឋអំណាចអ៊ុយក្រែនឲ្យបញ្ជូនជន Grégoire មកឲ្យបារាំង។ ទន្ទឹមគ្នានេះ បារាំងក៏បានចាប់ផ្តើមបើកការស៊ើបអង្កេតដើម្បីស្វែងរកការពិត។
សេវាសន្តិសុខអ៊ុយក្រែនបានប្រកាសឲ្យដឹងនៅថ្ងៃទី៦ ខែមិថុនាថា កម្លាំងប៉ូលិសអ៊ុយក្រែនបានរារាំងទាន់ពេលនូវគម្រោងរៀបចំភេរវកម្មចំនួន ១៥ដង ដែលក្រុមភេរវជនត្រៀមវាយប្រហារប្រទេសបារាំងនៅមុន និងក្នុងពេលបើកការប្រកួតបាល់ទាត់អឺរ៉ុបនាពេលខាងមុខ។ តែមេប៉ូលិសក្រុងប៉ារីសលោក Michel Cadot បានប្រាប់ឲ្យដឹងថា លោកបានដឹងពីព័ត៌មានចាប់ជនជាតិបារាំង Grégoire ក្នុងទឹកដីអ៊ុយក្រែន តែធានាថាពេលនេះ មិនមានសញ្ញាអ្វីដែលស្តែងឲ្យឃើញពីការគំរាមភេរវកម្មវាយប្រហារ ក្នុងឱកាសការប្រកួតកីឡាបាល់ទាត់អឺរ៉ុបក្នុងប្រទេសបារាំងឡើយ។ ម្យ៉ាងទៀត លោក Michel Cadot ក៏បានទម្លាយឲ្យដឹងពីការបន្ថែមកម្លាំងប៉ូលិសចំនួនជាង ៣,០០០នាក់បន្ថែមទៀតដើម្បីការពារសន្តិសុខ និងធានាសុវត្ថិភាពនៅពិធីប្រកួតបាល់ទាត់អឺរ៉ុបដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនាខាងមុខ។
ដោយព្រួយបារម្ភពីការវាយប្រហារភេរវកម្មក្រសួងការបរទេសអាមេរិកបានណែនាំដល់ពលរដ្ឋខ្លួនទាំងអស់ដែលចង់ធ្វើដំណើរទៅកាន់អឺរ៉ុប ឲ្យចេះប្រុងប្រយ័ត្នខ្លួន។ សម្រាប់រដ្ឋាបាលអាមេរិក អឺរ៉ុប និងជាពិសេសប្រទេសបារាំងកំពុងប្រឈមនិងហានិភ័យសន្តិសុខខ្ពស់ និងការគំរាមកំហែងសុវត្ថិភាពច្រើន ដូចជាការគំរាមកំហែងភេរវកម្ម សកម្មភាពកូដកម្មរបស់សហជីពជាបន្តបន្ទាប់ និងបាតុកម្មដ៏ហិង្សាកណ្តាលក្រុង ។
«ទេសចរអាមេរិក ដែលមានចេតនាធ្វើដំណើរទៅអឺរ៉ុប ត្រូវដឹងថា ការគំរាមកំហែងនៅទីនោះមានកំរិតខ្ពស់ ជាពិសេសនៅប្រទេសបារាំង» នេះជាសារព្រមានដែលមានចុះផ្សាយនៅក្នុងទំព័រវែបសៃត៍នៃក្រសួងការបរទេសអាមេរិក ដោយថែមទាំងចង្អុលបំភ័យដោយចំៗថា ពហុកីឡាដ្ឋានស្តាតទីប្រមូលផ្តុំអ្នកគាំទ្រកីឡាករ កន្លែងបញ្ចាំងមើលបាល់ទាត់ មធ្យោបាយដឹកជញ្ជូនសាធារណៈសុទ្ធសឹងជាចំណុចដៅភេរវកម្មរបស់ពួកជីហាត។
ថ្វីបើសារាចរណ៍នេះមិនមែនជាការបម្រាមចំៗប្រឆាំងប្រទេសបារាំងមែន តែវាមានខ្លឹមសារនិងអត្ថន័យគ្រប់គ្រាន់ សម្រាប់ពលរដ្ឋអាមេរិកថា គួរចៀសវាងធ្វើដំណើរមកបារាំង។ ព្រោះក្នុងសារាចរណ៍អាជ្ញាធរអាមេរិកបានផ្តល់អនុសាសន៍ណែនាំពលរដ្ឋថា កូដកម្ម បាតុកម្ម និងការប្រមូលផ្តុំដោយសន្តិវិធីនៅបារាំងបានក្លាយជាអំពើហិង្សា និងអាចកើតមាននៅគ្រប់ខេត្តក្រុងទាំងអស់។ រទេះភ្លើង យន្តហោះ មេត្រូ មិនបា្រកដថា មានដំណើរការជាធម្មតាទេ ។
សហរដ្ឋអាមេរិកបានពន្យល់ថា បារាំងបានដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ថ្ងៃទី២៦ ខែមិថុនា តែសេចក្តីណែនាំរបស់រដ្ឋាភិបាលអាមេរិកមានតម្លៃរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ថ្ងៃបញ្ចប់វិស្សមកាលប្រចាំឆ្នាំ។
សូមបញ្ជាក់ថា ក្រោយភេរវកម្មក្រុងប៉ារីសថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មករូបភាពប្រទេសបារាំងបានស្រអាប់យ៉ាងខ្លាំង។ ក្រៅអំពីការគំរាមកំហែងភេរវកម្មដែលអាជ្ញាធរបារាំងទទួលស្គាល់ថា មានកំរិតខ្ពស់បំផុតនោះ និងកំពុងប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីការពារប្រទេសនាឱកាសរៀបចំការប្រកួតកីឡាបាល់ទាត់អឺរ៉ុបចាប់ពីថ្ងៃទី១១ ខែមិថុនានោះបារាំងបាននិងកំពុងធ្លាក់ក្នុងវិបត្តិសង្គមយ៉ាងធ្ងន់ធ្ងរ បាតុកម្មប្រឆាំងនិងច្បាប់ការងារ បានរៀបចំធ្វើឡើងស្ទើរជារៀងរាល់សប្តាហ៍ រាលដាលជាអំពើហិង្សា និងការរាំងស្ទះសកម្មភាពសេដ្ឋកិច្ចមួយចំនួន។
ក្រុមសហជីពក្នុងវិស័យសំខាន់ៗដូចជាថាមពលប្រេងឥន្ធនៈ សេវាដឹកជញ្ជូន បានប្រកាសធ្វើបាតុកម្មដោយគ្មានកំណត់ពេលឈប់ចាប់ពីថ្ងៃពុធទី១ ខែមិថុនា នេះតទៅដើម្បីដាក់គំនាបលើរដ្ឋាភិបាល ដែលក៏ដាច់ខាតមិនព្រមដកថយឡើយ៕
ប្រែសម្រួល៖ សាធី