ប៉ុនប៉ងវាយប្រហារភេរវកម្មដោយ១២៥រំសេវផ្ទុះនៅការប្រគួតអឺរ៉ូ២០១៦

ចែករំលែក៖

កាលពីថ្ងៃទី​៦ ខែមិថុនា មន្ត្រីប៉ូលិសអ៊ុយក្រែនបានប្រកាសថា បុរសជនជាតិបារំាង​ដែលបានចាប់ខ្លួនកាលពីខែឧសភា គឺបានឡើងគម្រោងវាយប្រហារភេរវកម្មនៅក្នុងការប្រគួតបាល់ទាត់អឺរ៉ូដោយរំសែវផ្ទុះ TNT ១២៥គីឡូក្រាម។

ក្រសួងសន្តិសុខអ៊ុយក្រែនបានប្រកាសថា បុរសដែលចាប់ខ្លួន (មិនបញ្ចេញឈ្មោះ) ឡើងគម្រោងវាយប្រហារទៅលើទីតាំង​១៥កន្លែងផ្សេងគ្នា ។ ក្រោយការចាប់ខ្លួនប៉ូលិសបានរកឃើញកាំភ្លើង​៥ដើម គ្រាប់​៥ពាន់គ្រាប់ កាំភ្លើងបាញ់គ្រាប់បែក​២ រំសែវផ្ទុះ ១២៥គីឡូក្រាម ។

យោង​តាម​ប្រភព​ព័ត៌មាន​អ៊ុយក្រែន​ដដែលជន Grégoire មាន​បំណង​ប្រើប្រាស់​អាវុធ​ដែល​យក​តាម​ខ្លួន​ទាំង​អស់​នោះ​ដើម្បី​វាយប្រហារ​លើ​ទីកន្លែង​សាសនា​អ៊ិស្លាម និង​សាសនា​ជ្វីហ្វរួម​ទាំង​ទីកន្លែង​សាធារណៈ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​បារាំង។ ចំណែក​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ជន Grégoire បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ជំទាស់​របស់​ខ្លួន​ចំពោះ​នយោបាយ​របស់​រដ្ឋាភិបាលបារាំង​ទាក់ទង​នឹង​ការ​ទទួល​ជនអន្តោប្រវេសន៍ការ​ផ្សព្វផ្សាយ​សាសនា​អ៊ិស្លាម និង​នយោបាយ​សកលភាវូបនីយកម្ម។

នៅ​ខាង​បារាំង​វិញ រដ្ឋអំណាច​បាន​បញ្ជាក់​ថា​ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​ដែល​អនុញ្ញាត​ឲ្យ​សន្និដ្ឋាន​ពី​ផែនការ​ធ្វើ​ភេរវកម្ម​អ្វី​ទេ ព្រោះ​ជនជាតិ​បារាំង Grégoire មិន​ធ្លាប់​ជាប់​ឈ្មោះ​អាក្រក់​នៅ​ក្នុង​បញ្ជី​របស់​ប៉ូលិស​ទេ។ តែ​នៅ​ពេល​ចុះ​ឆែកឆេរ​ក្នុង​ផ្ទះ Grégoire ប៉ូលិស​បារាំង​បាន​រក​ឃើញ​អាវយឺត​មួយ​ដែល​មាន​សញ្ញា​ក្រុមស្តាំនិយមជ្រុល។ ខណៈ​នេះ រដ្ឋអំណាច​បារាំង​កំពុង​ដាក់​ពាក្យ​ទៅ​រដ្ឋអំណាច​អ៊ុយក្រែន​ឲ្យ​បញ្ជូន​ជន Grégoire មក​ឲ្យ​បារាំង។ ទន្ទឹម​គ្នា​នេះ បារាំង​ក៏​បាន​ចាប់​ផ្តើម​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត។

សេវាសន្តិសុខ​អ៊ុយក្រែន​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៦ ខែមិថុនា​ថា កម្លាំង​ប៉ូលិស​អ៊ុយក្រែន​បាន​រារាំង​ទាន់​ពេល​នូវ​គម្រោង​រៀបចំ​ភេរវកម្ម​ចំនួន ១៥ដង ដែល​ក្រុម​ភេរវជន​ត្រៀម​វាយប្រហារ​ប្រទេស​បារាំង​នៅ​មុន និង​ក្នុង​ពេល​បើក​ការ​ប្រកួត​បាល់ទាត់​អឺរ៉ុប​នា​ពេល​ខាង​មុខ។ តែ​មេប៉ូលិស​ក្រុង​ប៉ារីស​លោក Michel Cadot បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ដឹង​ពី​ព័ត៌មាន​ចាប់​ជនជាតិ​បារាំង Grégoire ក្នុង​ទឹកដី​អ៊ុយក្រែន តែ​ធានា​ថា​ពេល​នេះ មិន​មាន​សញ្ញា​អ្វី​ដែល​ស្តែង​ឲ្យ​ឃើញ​ពី​ការ​គំរាម​ភេរវកម្ម​វាយប្រហារ​ ក្នុង​ឱកាស​ការ​ប្រកួត​កីឡា​បាល់ទាត់​អឺរ៉ុប​ក្នុង​ប្រទេស​បារាំង​ឡើយ។ ម្យ៉ាង​ទៀត លោក​ Michel Cadot ក៏​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​បន្ថែម​កម្លាំង​ប៉ូលិស​ចំនួន​ជាង ៣,០០០នាក់​បន្ថែម​ទៀត​ដើម្បី​ការពារ​សន្តិសុខ និង​ធានា​សុវត្ថិភាព​នៅ​ពិធី​ប្រកួតបាល់ទាត់​អឺរ៉ុប​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១១ ខែមិថុនា​ខាង​មុខ។

ដោយព្រួយបារម្ភពីការវាយប្រហារភេរវកម្មក្រសួង​ការបរទេសអាមេរិកបានណែនាំ​ដល់​ពលរដ្ឋ​ខ្លួន​ទាំង​អស់​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​អឺរ៉ុប ឲ្យចេះ​​​ប្រុង​ប្រយ័ត្ន​​ខ្លួន​។ សម្រាប់​រដ្ឋាបាល​អាមេរិក អឺរ៉ុប និងជា​ពិសេស​ប្រទេស​បារាំង​កំពុង​ប្រឈម​និង​ហានិភ័យ​សន្តិសុខ​​ខ្ពស់ និង​ការ​គំរាម​កំហែង​សុវត្ថិភាព​ច្រើន ដូច​ជា​ការ​គំរាម​កំហែង​ភេរវកម្ម សកម្មភាព​កូដកម្មរបស់​សហជីព​ជា​បន្ត​បន្ទាប់ និង​បាតុកម្ម​ដ៏​ហិង្សា​កណ្តាល​ក្រុង ។

«ទេសចរ​អាមេរិក​ ដែល​មាន​ចេតនា​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប ត្រូវ​ដឹង​​ថា ​ការ​គំរាម​កំហែង​នៅ​ទី​នោះ​មាន​កំរិត​ខ្ពស់ ជា​ពិសេស​នៅ​ប្រទេស​បារាំង» នេះ​ជា​សារ​ព្រមាន​ដែល​មាន​ចុះ​ផ្សាយ​នៅក្នុង​ទំព័រ​​វែបសៃត៍​នៃ​ក្រសួង​ការបរទេស​អាមេរិក ដោយ​ថែម​ទាំង​ចង្អុលបំភ័យ​ដោយ​ចំៗ​ថា ​ ​ពហុកីឡាដ្ឋាន​ស្តាតទីប្រមូល​ផ្តុំ​អ្នក​គាំទ្រ​កីឡាករ កន្លែងបញ្ចាំងមើល​បាល់ទាត់ មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈសុទ្ធ​សឹង​ជា​ចំណុច​​ដៅ​ភេរវកម្ម​​របស់ពួក​ជីហាត។

ថ្វីបើ​សារាចរណ៍​​នេះ​មិន​មែន​ជា​ការ​បម្រាម​ចំៗ​ប្រឆាំង​ប្រទេស​បារាំង​មែន តែ​វា​មាន​ខ្លឹមសារ​និង​អត្ថន័យ​គ្រប់​គ្រាន់​ សម្រាប់​ពលរដ្ឋ​អាមេរិក​ថា ​គួរ​ចៀសវាង​​ធ្វើ​ដំណើរ​មក​បារាំង។ ព្រោះ​ក្នុង​​សារាចរណ៍​អាជ្ញាធរ​អាមេរិក​បាន​ផ្តល់​អនុសាសន៍​ណែនាំ​​ពល​រដ្ឋ​ថា កូដកម្ម ​បាតុកម្ម​​ និង​ការ​ប្រមូល​ផ្តុំ​​ដោយ​សន្តិវិធី​នៅ​បារាំង​បាន​ក្លាយ​ជា​អំពើ​ហិង្សា​ និង​អាច​កើត​មាន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់។ រទេះ​ភ្លើង យន្តហោះ​ មេត្រូ មិន​បា្រកដ​ថា ​មាន​ដំណើរ​ការ​ជា​ធម្មតា​ទេ ។

សហរដ្ឋអាមេរិក​បាន​ពន្យល់​ថា​ បារាំង​បាន​ដាក់​ប្រទេសក្នុង​ភាព​អាសន្ន​រហូត​ដល់​ថ្ងៃទី២៦ ខែ​មិថុនា តែ​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល​អាមេរិក​មាន​តម្លៃ​រហូត​ដល់​ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០១៦ ថ្ងៃ​​បញ្ចប់​វិស្សមកាល​ប្រចាំ​ឆ្នាំ។

សូម​បញ្ជាក់​ថា ក្រោយ​ភេរវកម្មក្រុង​ប៉ារីស​ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ​មករូបភាព​ប្រទេស​បារាំង​​បាន​ស្រអាប់​យ៉ាង​ខ្លាំង។​ ក្រៅ​អំពី​ការ​គំរាម​កំហែង​ភេរវកម្ម​ដែល​អាជ្ញាធរ​បារាំង​ទទួល​ស្គាល់​ថា​ មាន​កំរិត​ខ្ពស់​បំផុត​នោះ និង​កំពុង​ប្រឹង​ប្រែង​គ្រប់​មធ្យោបាយ​ ដើម្បី​ការពារ​ប្រទេស​នា​ឱកាស​រៀប​ចំ​ការ​ប្រកួត​កីឡា​បាល់ទាត់​អឺរ៉ុបចាប់​ពី​ថ្ងៃ​ទី១១ ខែ​មិថុនានោះបារាំង​បាន​និងកំពុង​ធ្លាក់​ក្នុង​វិបត្តិ​សង្គម​យ៉ាងធ្ងន់ធ្ងរ បាតុកម្ម​ប្រឆាំង​និង​ច្បាប់​​ការងារ បាន​រៀប​ចំ​ធ្វើ​ឡើង​ស្ទើរ​ជា​រៀង​រាល់​សប្តាហ៍​ រាល​ដាល​ជា​អំពើហិង្សា និង​ការ​រាំង​ស្ទះ​សកម្មភាព​សេដ្ឋកិច្ច​​មួយ​ចំនួន។

ក្រុម​សហជីព​ក្នុង​វិស័យ​សំខាន់ៗ​ដូច​ជា​ថាមពល​ប្រេង​ឥន្ធនៈ សេវាដឹកជញ្ជូន បាន​ប្រកាស​ធ្វើ​បាតុកម្ម​ដោយ​គ្មាន​កំណត់​ពេល​ឈប់ចាប់​ពី​ថ្ងៃ​ពុធ​ទី​១ ​ខែមិថុនា​ នេះ​តទៅដើម្បី​ដាក់​គំនាប​លើ​រដ្ឋាភិបាល ដែលក៏​​ដាច់​ខាត​មិន​ព្រម​ដក​ថយ​ឡើយ៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print