ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ កំពុងសិក្សាគម្រោងទោសសហគមន៍ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធគារ

ចែករំលែក៖

ភ្នំពេញ : បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងធ្វើការសិក្សាគម្រោងអនុវត្តទោសសហគមន៍ ដោយមានចែកក្នុងច្បាប់ព្រហ្មទណ្ឌ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានពន្យល់ថា ក្រោយតុលាការកាត់ទោសរួច ត្រូវបញ្ជូនជនល្មើសទៅផ្ទះសំបែងពួកគាត់វិញ ប៉ុន្ដែជនល្មើសត្រូវបំពេញកាតព្វកិច្ចជាអ្នកទោស ដោយអនុវត្តតាមផ្លូវច្បាប់។ សម្ដេច ឧទាហរណ៍ថា ទោសហគមន៍នេះ គឺឱ្យអ្នកទោសទៅបោសសំរាម និងធ្វើអនាម័យនៅមូលដ្ឋានរបស់ខ្លួន ដោយគ្មានប្រាក់កម្រៃឡើយ។

សម្ដេចក្រឡាហោម បន្ដថា ការអនុវត្តទោសសហគមន៍បែបនេះ គឺសម្រាប់តែអ្នកមានទោសស្រាលៗប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណាដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។ សម្ដេច បន្ថែមថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តធម៌ នឹងធ្វើការសិក្សាចំពោះទោសសហគមន៍នេះ ឱ្យបានម៉តចត់បំផុត មុននឹងអនុវត្តគម្រោងទាំងនេះ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធិភាពផងដែរ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា «នាពេលខាងមុខនេះ យើងក៏កំពុងជំរុញ ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទាក់ទងទៅនឹងគម្រោងអនុវត្តទោសសហគមន៍ ដែលមានចែកក្នុងច្បាប់ព្រហ្មទណ្ឌរបស់យើង ដើម្បីជៀសវាង និងដោះស្រាយចង្អៀតណែនក្នុងពន្ធនាគារ ចឹងទោសកម្រិតស្រាល អាហ្នឹងយើងនឹងខិតខំអនុវត្តនូវគម្រោងទោសសហគមន៍»។

ឆ្លៀតឱកាសនោះដែរ សម្ដេច ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរក្នុងមូលដ្ឋាន ត្រូវខិតខំបង្កើនកម្លាំងប្រជាការពារភូមិ ដើម្បីជាកម្លាំងជំនួយដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទោះបីយ៉ាងណាក៏ដោយប្រជាពលរដ្ឋ ក៏ត្រូវមានការគាំទ្រដល់កម្លាំងប្រជាការពារ និងកម្លាំងប៉ុស្ដិ៍នគរបាល ទើបទទួលបានជោគជ័យ ក្នុងការកសាងសន្ដិសុខនៅតាមមូលដ្ឋានរបស់ខ្លួន៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print