អាមេរិក និង​ចិន​ បង្ខំចិត្តចាប់ដៃគ្នាតែមិនទុកចិត្តគ្នាឡើយ

ចែករំលែក៖

អាមេរិកនិងចិនបានបង្ខំចិត្តចាប់ដៃគ្នាធ្វើឲ្យអន្តរជាតិមើលឃើញថា ពិតជាមានទំនាក់ទំនងល្អប្រសើរ តែតាមការពិតប្រទេសទាំងពីមិនទុកចិត្តគ្នាឡើង ទាំងវិស័យសេដ្ឋកិច្ចនិងយោធា។ នៅក្នុងកិច្ចសន្ទនា​យុទ្ធសាស្រ្ត និង​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើកទី៨ រវាង​អាមេរិក និង​ចិន​បាន​ចាប់​ផ្តើម​បើក​ធ្វើ​កាលពីថ្ងៃ​ទី៦ ខែមិថុនា នេះនិង​បន្ត​ដល់​ថ្ងៃ​ទី៧ ខែមិថុនា នេះ​ក្នុង​ទីក្រុង​ប៉េកាំងប្រទេស​ចិន។

ការ​ប្រើ​សម្តី​ទន់ភ្លន់​ដាក់​គ្នា​ថ្ងៃ​នេះ​បាន​ផ្តើម​ចេញ​ដំបូង​ពី​ភាគី​ចិន​តាម​រយៈ​អន្តរាគមន៍​​របស់​លោក​ប្រធានាធិបតី​ចិន ​ស៊ី ជីនពីង។ លោក​ ស៊ី ជីនពីង ​មិន​បាន​លើក​ឡើង​ចំៗ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​ប្រធានរឿង ​ក្តៅ និង​រសើប​រវាង​ប៉េកាំង និង​វ៉ាស៊ីតោន​ទេ តែ​គ្រាន់​បញ្ជាក់​ថា មហា​តំបន់​ប៉ាស៊ីហ្វិក​ត្រូវ​តែ​ជា​តំបន់​នៃ​កិច្ចសហប្រតិបត្តិការគឺ​មិនមែន​ជា​តំបន់​នៃ​ការ​ប្រកួតប្រជែង​ឡើយ។ លោក​ ស៊ី ជីនពីង ​បាន​បន្ថែម​ថា ចិននិង​អាមេរិក​ត្រូវ​តែ​បង្កើន​ការ​ទុកចិត្ត​គ្នា​ទៅ​វិញទៅ​មក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

ជា​ចម្លើយ​តប​វិញ​បែប​ទន់ភ្លន់​ដូច​គ្នា លោក​ប្រមុខ​ការទូត​អាមេរិក​-ចិន ឃែរី​ បាន​អះអាង​ថា គឺ​មាន​តែ​ចិននិង​អាមេរិក​ខ្លួន​ឯង​ទេ​ដែល​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ពង្រឹង​បន្ថែម​ក្នុង​ភាព​ជា​ដៃគូ​ ជាជាង​ក្នុង​ភាព​ជា​គូប្រជែង។ ដោយ​ចៀសវាង​បញ្ឆេះកំហឹង​ចិន​ជា​ថ្មី​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង លោក ​ឃែរី​ បាន​ត្រឹម​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ដែល​ជាប់ពាក់ព័ន្ធ​ផ្ទាល់​នឹង​ជម្លោះ​ត្រូវ​បន្ត​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវចរចា។ គួរ​រំលឹក​ជូន​ឡើង​វិញ​ថា ទោះ​បី​ជា​អាមេរិក​មិនមែន​ជា​ភាគី​ជម្លោះ​ផ្ទាល់​ជាមួយ​ចិន ដូច​ប្រទេស​វៀតណាម ឬ​ហ្វីលីពីន​ក៏​ដោយក៏​អាមេរិក​មិន​ញញើត​និង​ដំឡើង​សាច់ដុំ​ដាក់​ចិន​ដោយ​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ដើម្បី​ការពារ​ចរាចរណ៍​ផ្លូវសមុទ្រ​ក្នុង​ដែនទឹក​អន្តរជាតិ​សម្រាប់​ ប្រយោជន៍​សេដ្ឋកិច្ច​ក្នុង​លោក។

វ៉ាស៊ីនតោន​បាន​ចេញ​មុខ​អះអាង​ម្តង​ជា​ពីរ​ដង​ថា តំបន់​នៅ​សមុទ្រចិន​ខាងត្បូង​មិនមែន​ជា​កម្មសិទ្ធិផ្តាច់​មុខ​របស់​ប្រទេស​ណា​មួយ​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា ចិន​មិន​បាន​យល់​ឃើញ​ដូច​អាមេរិក​ឯណា និង​បាន​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន ពិសេស​ឥទ្ធិពល​យោធា​នៅ​ក្នុង​តំបន់ព្រម​ទាំង​សាងសង់​កោះសិប្បនិម្មិត​នៅ​ក្នុង​តំបន់​ទៀត​ផង។ ដូច្នេះ​ឃើញ​ថា កាយវិការ​ទន់ភ្លន់​រវាង​ចិន និង​អាមេរិក​ថ្ងៃ​នេះ​គ្រាន់​តែ​ជា​សំបក​ក្រៅ​ប៉ុណ្ណោះ ព្រោះ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ជម្រៅ​នៃ​បញ្ហា​នៅ​មិន​ទាន់​បាន​ដោះស្រាយ អាមេរិក និង​ចិន​នៅ​បន្ត​មិន​ទុកចិត្ត​គ្នា មើលបណ្តាំ​គ្នា ហើយ​ពិសេស​ថែម​ទៀត​នោះ អាមេរិក និង​ចិន​នៅ​បន្ត​ជា​គូប្រជែងដណ្តើម​ឥទ្ធិពល​គ្នា​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

ចិន និង​អាមេរិក​បង្ខំ​ចិត្ត​ចាប់ដៃ​គ្នា

អាមេរិក និង​ចិន​នៅ​តែ​ត្រូវ​ការ​គ្នា​ទៅ​វិញទៅ​មក​មិន​អាច​ខ្វះ​បាន​ប្រៀប​ដូច​ជា​ប្តីប្រពន្ធ​ដែល​ឈ្លោះ​ប្រកែក​គ្នា និង​ប្រើ​សម្តី​វាយប្រហារ​ដាក់​គ្នា​រាល់​ថ្ងៃ តែ​មិន​ងាយ​នឹង​លែងលះ​គ្នា​ទេ។ ជា​ការ​ពិត ការ​ប្រជែង​កម្លាំង​គ្នា​រវាង​អាមេរិក និង​ចិន គឺ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ស្ថិត​លំដាប់ទី១ និងទី២ ក្នុង​លោក ហើយ​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដូច​គ្នា ចិន និង​អាមេរិក​ត្រូវ​ការ​គ្នាទៅ​វិញទៅ​មក​ដោយ​មិន​អាច​ខ្វះ​បាន​ដើម្បី​ដោះស្រាយ​សំណុំរឿង​អន្តរជាតិ​សំខាន់ៗ​ជា ​ច្រើន​ក្នុង​លោក។

នៅ​ក្នុង​សំណុំរឿង​អន្តរជាតិ​ទាំង​អស់​នោះមាន​សំណុំរឿង​ខ្លះ​ដែល​អាមេរិក​ត្រូវ​ការ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ពី​ចិន​ច្រើន​ជាង​ចិន​ត្រូវ​ការ​ពី​អាមេរិក​ទៅ​ទៀត។ ជាក់ស្តែង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ស៊ីរី ឬ​មួយ​ក៏​ជម្លោះ​រវាង​ប្រទេស​ស៊ូដង់​ខាងជើង និង​ខាង​ត្បូង​ជា​ដើម។ ក្រៅ​ពី​នោះ ក៏​នៅ​មាន​សំណុំរឿង​បន្ទាន់​មួយ​ចំនួន​ទៀត​ដែល​ចិន និង​អាមេរិក​ត្រូវ​លើក​ទៅ​ជជែក ដូច​យ៉ាង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ភេរវនិយម ពិសេស​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម បញ្ហា​អាកាសធាតុ​ពិភពលោក សំណុំរឿង​ថាមពល ឬ​មួយ​បញ្ហា​សន្តិសុខ​ផ្នែក​ព័ត៌មានវិទ្យា។ ទាំង​នេះ​មិន​ភ្លេច​និយាយ​ទេ​ពី​ការ​ជួយ​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ក្នុង​លោក​ឡើង​វិញ។

ដូច្នេះ​ឃើញ​ថា ទោះ​បី​ជា​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​នៅ​បន្ត​រកំារកូស និង​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា​លើ​សំណុំរឿង​ខ្លះ​ក៏​ដោយក៏​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ក្នុង​លោក​ទំាង​ពីរ​នៅ​តែ​ត្រូវ​ការ​គ្នា​ទៅ​វិញទៅ​មក មិន​អាច​ខ្វះ​បាន​ទេ៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print