ភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្លាក់ពីលើរុឺម៉កដឹកបន្លែបែកក្បាលសន្លប់ស្ដូកស្ដឹង បន្ទាប់ពីមានជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីគាត់មិនបានសម្រេច បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងជើងស្ពានអាកាសស្ទឹងមានជ័យប្រហែល៦០ម៉ែត្រ តាមបណ្តោយផ្លូវព្រះមុនីរ៉េត(២១៧)ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ មុី រ៉ូ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅឯខេត្តស្វាយរៀង។
តាមសម្ដីអ្នកបើករុឺម៉ករងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុពួកគាត់បានទិញបន្លែពីផ្សារដើមគដឹកយកទៅលក់នៅផ្សារជម្ពូវ័ន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿង មិនចាំស្លាកលេខ បានមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបលុយដែលស្ត្រីរងគ្រោះស្ពាយចំហៀងខ្លួនអង្គុយលើរុឺម៉កបណ្ដាលឱ្យស្ត្រីរងគ្រោះធ្លាក់ពីលើរុឺម៉កបែកក្បាលសន្លប់ស្ដូកស្ដឹង។ ក្រោយពីឆក់មិនបានសម្រេចជនសង្ស័យទាំងអស់នោះបានជិះម៉ូតូទៅមុខគេចខ្លួនបាត់ស្រមោលអស់ទៅ។
ក្រោយពីកើតហេតុ ប្រជាពលរដ្ឋបានទាក់ទងហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ។ គួររំលឹកផងដែរថា ករណីឆក់នៅជិតស្ពានអាកាសស្ទឹងមានជ័យតែងតែកើតមានសឹងរាល់ថ្ងៃ ដោយប្រជាពរដ្ឋសំណូមពរដល់កម្លាំងសមត្ថកិច្ចមេត្តាជួយល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនផង ដេីម្បីការពារភូមិ សង្កាត់ ខណ្ឌ មានសុវត្ថិភាព៕
ដោយ ៖ ភារ៉ា ដង្កោ