ភ្នំពេញ : បើតាម#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital បានបញ្ជាក់អោយដឹងថា, ជាទូទៅ ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យសម្រាលបុត្រតាមផ្លូវធម្មជាតិ ព្រោះផលវិបាកនៃការសម្រាលតាមធម្មជាតិ មានតិចតួចជាងការវះកាត់។ ករណីក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់ លុះត្រាតែការសម្រាលតាមធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្តាយ និងកូន។ ប៉ុន្តែបច្ចុប្បន្ននេះអត្រានៃការសម្រាលបុត្រដោយការវះកាត់ មានការកើនឡើងជាលំដាប់គួរឲ្យព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុត្រឹមត្រូវ។ ស្រ្តីមួយចំនួនយល់ខុសថា ការសម្រាលកូនដោយវះកាត់ មាន ភាពងាយស្រួល ដោយមិនចាំបាច់ឆ្លងកាត់ការឈឺពោះសម្រាល និងមើលរំលងផលវិបាកផ្សេងៗទៅថ្ងៃអនាគត ដែលបណ្តាលមកពីការវះកាត់នេះ។ ដូច្នេះ តើមានផលវិបាកអ្វីខ្លះអំឡុង និងក្រោយពេលការវះកាត់សម្រាលកូន?
ក) ផលវិបាកអំឡុងពេលវះកាត់៖
– ផលវិបាកនៃថ្នាំសណ្តំ (Syndrome de Mendelson)
– ការបាត់បង់ឈាមច្រើនពេលវះកាត់
– ការដាច់រហែកកស្បូនខ្លាំង
– របួសប្លោកនោម ឬពោះវៀន ដែលទាមទារការសម្រាកពេទ្យរយៈពេលយូរ
ខ) ផលវិបាកក្រោយពេលវះកាត់ភ្លាមៗ ១០% ទៅ ៤២%៖
– ការបង្ករោគផ្សេងៗ មានដូចជា៖ ការរលាកប្លោកនោម រលាកភ្នាសក្នុងរបស់ស្បូន រលាកស្រោមពោះ ឬអាចដល់បង្ករោគក្នុងសរសៃឈាម។
– ការហូរឈាមក្រោយពេលវះកាត់ មានកកឈាមលើស្នាមរបួសស្បូន ឬក្រោមរបួសស្បែក
– ភាពស្លេកស្លាំង
– ផលវិបាកស្ទះសរសៃឈាមតូចៗ ជាពិសេសសរសៃឈាមក្នុងសួតធ្វើឲ្យមានវិបត្តិផ្លូវដង្ហើម
គ) ផលវិបាកក្រោយពេលវះកាត់ នៅពេលមានផ្ទៃពោះលើកក្រោយ ស្រ្តីអាចប្រឈមនឹង៖
– ការវះកាត់យកកូនសារជាថ្មី
– ការធ្លាយស្បូន
– សុកពាំងមាត់ស្បូន
– សុកចាក់ឬសក្នុងសាច់ស្បូន ឬចាក់ដល់ប្លោកនោម
ផលវិបាកទាំងអស់នេះមិនសូវកើតមានជាញឹកញាប់ទេ តែករណីខ្លះអាចគំរាមគំហែងដល់អាយុជីវិតស្រ្តីបាន។ ដូច្នេះរាល់ការសម្រាលទាំងអស់ ស្រ្តីគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុន ដើម្បីជ្រើសរើសការសម្រាលមួយដ៏ សមស្រប និងមានសុវត្ថិភាពទាំងម្តាយ និងកូន។ វេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពនិងរោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត នឹងផ្តល់ដំបូន្មានដ៏ត្រឹមត្រូវជូនលោកអ្នក ក្នុងការជ្រើសរើសវិធីសម្រាលបុត្រ ៕