ទីផ្សារដោះដូរកីឡាករខែមករាបានបង្កើតការភ្ញាក់ផ្អើលជាច្រើន ហើយនៅតែមានពេលសម្រាប់ក្លិបនៅក្របខ័ណ្ឌ Premier League ដើម្បីនាំយកនូវកីឡាករដែលមានសក្តានុពលមួយចំនួន។ នេះគឺជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងមុនថ្ងៃផុតកំណត់ផ្ទេរកីឡាករនៅក្របខ័ណ្ឌកំពូលមួយនេះ។
តើនៅពេលណាដែលទីផ្សារដោះដូរកីឡាករ ឬការផ្ទេរបិទ?
ទីផ្សារដោះដូរកីឡាករបានបើកនៅថ្ងៃទី១ ខែមករា ហើយនឹងបិទនៅម៉ោង១១យប់ នៅថ្ងៃទី៣១ ខែមករា សម្រាប់ក្របខ័ណ្ឌPremier League។ អ្នកចុះហត្ថលេខាថ្មីមានសិទ្ធិសម្រាប់ការប្រកួត Premier League បន្ទាប់ ប្រសិនបើក្លិបដាក់ឯកសារចាំបាច់នៅពាក់កណ្តាលនៃថ្ងៃធ្វើការចុងក្រោយមុនការប្រកួតនោះ។
នៅប្រទេសស្កុតឡេន ទីផ្សារផ្ទេរបិទនៅម៉ោង១១និង៥៩នាទីអធ្រាត្រ ថ្ងៃទី៣១ ខែមករា ខណៈដែលលីកកំពូលនារីបិទនៅពាក់កណ្តាលអធ្រាត្រសម្រាប់ការផ្ទេរអន្តរជាតិ និងម៉ោង៥ល្ងាចសម្រាប់កិច្ចព្រមព្រៀងក្នុងស្រុក។ លីកផ្សេងទៀតនៅអឺរ៉ុបBundesliga បិទនៅម៉ោង៥ល្ងាច, Serie A បិទម៉ោង៧យប់, La Liga ម៉ោង១១យប់ និង Ligue 1 ម៉ោង១១និង៥៩នាទីយប់ ដែលទាំងអស់ត្រឹមថ្ងៃទី៣១ ខែមករា។
តើក្លិបណាអាចធ្វើការផ្ទេរកីឡាករបាន?
Chelsea ត្រូវបានគេរាយការណ៍ថា នៅតែព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ Benfica និង Argentina Enzo Fernandez ទោះបីជាមានការដេញថ្លៃត្រូវបានច្រានចោលកាលពីដើមខែក៏ដោយ។ ក្រុមតោខៀវក៏អាចត្រលប់មកវិញជាមួយនឹងការដេញថ្លៃកាន់តែប្រសើរឡើងសម្រាប់ខ្សែបម្រើកណ្តាលរបស់ Brighton និង Ecuador Moises Caicedo ។
ខ្សែបម្រើ Borussia Dortmund និងអង់គ្លេស Jude Bellingham កំពុងទាក់ទាញការចាប់អារម្មណ៍ជាច្រើនជាមួយក្លិបជាច្រើនរួមមាន Liverpool, Manchester City និង Real Madrid កំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខាយកកីឡាកររូបនេះ។
Anthony Gordon ខ្សែបម្រើស្លាប Everton អាចទាក់ទាញការចាប់អារម្មណ៍ពីក្លិប Newcastle ខណៈ ដែល Brighton ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍លើ Shakhtar Donetsk និងខ្សែការពារកណ្តាលអ៊ុយក្រែន Mykola Matviyenko ដែលមានតម្លៃ២០លានផោន។ ចំណែក Bournemouth ត្រូវបានគេអះអាងថា កំពុងប្រជែងជាមួយ Southampton សម្រាប់ហត្ថលេខារបស់ Villarreal និងខ្សែប្រយុទ្ធសេណេហ្គាល់ Nicolas Jackson.
តើកិច្ចព្រមព្រៀងអ្វីបានកើតឡើងហើយ?
បន្ទាប់ពីការចាកចេញដ៏ចម្រូងចម្រាសពី Manchester United កីឡាករ Cristiano Ronaldo បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Nassr ។
Chelsea បានចុះហត្ថលេខាលើកីឡាករចំនួន៦រួមមានខ្សែប្រយុទ្ធ Shakhtar Donetsk កីឡាករ Mykhailo Mudryk ក្នុងតម្លៃខ្លួន៨៩លានផោន ខ្សែបម្រើស្លាប PSV Eindhoven Noni Madueke ៣០ លានផោន ខ្សែការពារ Monaco Benoit Badiashile ក្នុងតម្លៃ៣៥លានផោន និង Joao Felix ក្នុងលក្ខខណ្ឌខ្ចីជើងពី Atletico Madrid ។
ក្រុមកំពូលតារាង Arsenal បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ Brighton កីឡាករ Leandro Trossard ក្នុងតម្លៃ២១លានផោន និងបានបន្ថែមខ្សែការពារ Jakub Kiwior ពីក្លិប Serie A Spezia ក្នុងតម្លៃ១៧.៦លានផោន ។
Leeds បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Hoffenheim Georginio Rutter ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប ៣៦លានផោនហើយ Liverpool បាននាំយកខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Cody Gakpo ពី PSV Eindhoven ក្នុងកិច្ចព្រមព្រៀងដែលអាចឡើងដល់៤៥លានផោន។
Aston Villa បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Jhon Duran ក្នុងតម្លៃ១៨លានផោនពី Chicago Fire, Danny Ings បានផ្ទេរពីAston Villa ទៅ West Ham ក្នុងតម្លៃ១២លានផោន ហើយ Leicester បានចុះហត្ថលេខាលើខ្សែការពារ Copenhagen Victor Kristiansen ក្នុងតម្លៃ១៧លានផោន។
Bournemouth បានជ្រើសរើសខ្សែបម្រើស្លាប Dango Ouattara ក្នុងតម្លៃប្រហែល២០លានផោនពីក្លិបបារាំង Lorient ហើយSouthampton បានទិញខ្សែបម្រើ Carlos Alcaraz ពីក្លិប Racing Club របស់អាហ្សង់ទីនក្នុងតម្លៃ១២លានផោន។
Wolves បានចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Paris St-Germain កីឡាករ Pablo Sarabia ក្នុងតម្លៃ៤.៤លានផោន, Nottingham Forest បានទិញយកខ្សែបម្រើ Danilo Palmeiras ក្នុងតម្លៃប្រហែល ១៦លានផោន និង Aston Villa បានបញ្ចប់កិច្ចព្រមព្រៀង១៣.២លានផោនសម្រាប់ខ្សែការពារឆ្វេងរបស់ Real Betis Alex Moreno ។
ទន្ទឹមនឹងនេះដែរ ខ្សែប្រយុទ្ធ Chris Wood បានផ្ទេរពី Newcastle ទៅ Nottingham Forest ក្នុងលក្ខខ័ណ្ឌខ្ចីជើង ហើយWout Weghorst របស់ Burnley ត្រូវបានខ្ចីជើងទៅ Manchester United ។
តើមកដល់ពេលនេះបានចំណាយអស់ប៉ុន្មានសម្រាប់ការផ្ទេរកីឡាករ?
ច្រើនជាង៤៣៧លានផោនត្រូវបានចំណាយរួចហើយនៅក្នុងទីផ្សារដោះដូរកីឡាករនេះដោយក្លិប Premier League គិតត្រឹមថ្ងៃទី២៤ ខែមករា។
ការចុះហត្ថលេខាកីឡាករទាំង៦រូបរបស់ Chelsea មានតម្លៃប្រហែល១៨១លានផោន រួមទាំងការផ្ទេរប្រាក់៨៩លានផោនរបស់Mudryk ខណៈដែល Leeds បានបំបែកកំណត់ត្រាក្លិបរបស់ពួកគេសម្រាប់ ៣៦លានផោនដែលបានចំណាយទៅ Hoffenheim សម្រាប់ខ្សែប្រយុទ្ធ Rutter ។
ការផ្ទេររបស់ Gakpo ទៅកាន់ Liverpool មានតម្លៃ៣៥.៤លានផោនទៅ៤៤.៣លានផោន ហើយក្លិប PSV Eindhoven បានអះអាងថា ជាតម្លៃផ្ទេរកំណត់ត្រាដែលទទួលបានដោយពួកគេ ៕ (រូបភាព ៖ BBC Sport)