ភ្នំពេញ ៖ ព្រឹត្តិការណ៍ស៊ីហ្គេម នៅសល់តែ១០០ថ្ងៃទៀត តម្រាយផ្លូវចំនួន៤ខ្សែឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញកំពុងសាងសង់ និងកែលម្អរ ដើម្បីទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ និងដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣នេះ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ គឺជាពេលវេលាមួយដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានចាប់ផ្ដើមយុទ្ធនា ការណ៍រាប់ថយក្រោយ១០០ថ្ងៃ ជាមួយព្រឹត្តិការណ៍នេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងរៀបចំការងារមួយចំណែកផងដែរទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ជាក់ស្ដែងនៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងចាក់កៅស៊ូឡើងវិញលើផ្លូវជាតិលេខ៦ ដោយមានរៀបចំខឿន ផ្លូវថ្មើរជើង ចិញ្ចើមផ្លូវ ពីរង្វង់មូលព្រហ្មជ្រោយចង្វារ ដល់ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល ដែលមានប្រវែងប្រមាណជា ១៥គីឡូម៉ែត្រ ព្រោះផ្លូវនេះជាផ្លូវធំ ដើម្បីសម្រួលការធ្វើដំណើរឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ការដ្ឋានផ្លូវជាតិលេខ៦សម្រេចលទ្ធផលបាន៨០%
ហើយ។ ការងារមួយទៀត គឺកែលម្អរមហាវិថី ឈ្នះ ឈ្នះ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ ដែលមានការកែលម្អរទ្រង់ទ្រាយធំ ដូចជាជួសជុលផ្លូវដែលមានការខូចខាតដោយចាក់បេតុងឡើងវិញ រៀបចំចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងផ្លូវជិះកង់ រីឯនៅសងខាងផ្លូវធំមានដាក់ប្រព័ន្ធលូធំៗឡើងវិញ មាន ការរៀបចំសួនច្បារ និងដាំដើមឈើធំៗជាច្រើន។ បន្ទាប់ពីចាក់បេតុងរួចរាល់មហាវិថី ឈ្នះ ឈ្នះ នឹងអ៊ុតកៅស៊ូបន្ថែម ដើម្បីឱ្យផ្លូវមានភាពងាយស្រួលដល់ការធ្វើដំណើរ និងមានតុបតែងភ្លើងពណ៌បន្ថែមទៀត ដើម្បីឱ្យមានសោភ័ណភាពសាកសមជាទីតាំងដែលប្រារព្ធព្រឹត្តិការណ៍កីឡាដ៏ធំនេះ ហើយការដ្ឋានពេលនេះសម្រេចបាន ៨០% ហើយ។
លោក ម៉េត មាសភក្ដី បានបន្ថែមថា ជាមួយគ្នានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានស្ថាបនាផ្លូវថ្មីទាំងស្រុងចំនួន ២ខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទូទៅផង និងការធ្វើដំណើរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។ ផ្លូវថ្មីទាំង២ខ្សែនេះ គឺស្ថាបនាស្របតាមទន្លេសាបផ្នែកខាងកើត បែកខ្នែងជា២ផ្នែកឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ ដែលសម្រេចការសាងសង់បាន១០០% ទាំងការងារធ្វើផ្លូវបេតុង ដាក់លូ របាពុះចែកទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។ ខ្សែផ្លូវទី២ គឺចាប់ពីផ្លូវសម្តេច ជា ស៊ីម ជ្រោយចង្វារ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៥គីឡូម៉ែត្រ ដោយសម្រេចការសាងសង់បាន៨៥% ហើយ នៅសល់ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋបន្តិចបន្តួចប៉ុណ្ណោះ៕ . សំរិត