កោះរ៉ុង៖ គម្រោងសាងសង់ខ្សែកាបអគ្គិសនីក្រោមបាតសមុទ្រមកកោះរ៉ុង គ្រោងបញ្ចប់នៅត្រីមាសទី ១ ឆ្នាំ ២០២៣ គឺក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានគូសបញ្ជាក់ថា ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី បានវិនិយោគជាមួយអគ្គិសនីកម្ពុជា ដើម្បីតខ្សែកាបក្រោមបាតសមុទ្រមកកាន់កោះរ៉ុង។
ក្រុមហ៊ុម បានបញ្ជាក់បន្ថែមថា ខ្សែបញ្ជូនប្រមាណ ៦០ គីឡូម៉ែត្រ ត្រូវបានសាងសង់នៅលើកោះរ៉ុង នឹងបញ្ចប់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដើម្បីអាចមានអគ្គិសនីចែកចាយនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
គួររម្លឹកថា អគ្គិសនីកម្ពុជា កាលពីឆ្នាំ ២០១៧កន្លងទៅ បានសាងសង់ខ្សែកាបអគ្គិសនីកប់ក្រោមបាតសមុទ្រទីមួយ ដើម្បីផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋជាង ៦០០ គ្រួសារ ដែលរស់នៅនិងប្រកបអាជីវកម្មនៅក្នុងតំបន់កោះស្ដេច ស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
គួរបញ្ជាក់ថា តាមរយៈបណ្ដាញអគ្គិសនីជាតិនេះ បានសម្រួលថ្លៃប្រើប្រាស់អគ្គិសនីដល់ពលរដ្ឋរាប់រយគ្រួសារដែលរស់នៅ និងប្រកបរបរនៅលើកោះស្តេច ដោយអាចទទួលបានប្រភពអគ្គិសនីប្រកបដោយស្ថិរភាព និងមានតម្លៃសមរម្យ៕ដោយ៖សហការី