សម្តេចតេជោ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនជាង ៣ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​ សែន​ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​ថា៖​ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ស៊ីហ្គេម ២០២៣ នៅសល់តែ ៩៩ថ្ងៃទៀតទេ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមជាទី១២ (12th ASEAN Para Games)។

ការថ្លែងបែបនេះ​របស់​សម្តេចតេជោ ហ៊ុន សែន​ នាឱកាស​ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន​ ចំនួន ៣២៣២នាក់ ធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(CCIC) នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ​ ។

ខាងក្រោមនេះ​ជាប្រសាសន៍សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖

សម្តេចតេជោ ហ៊ុន សែន ថ្លែង​កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យវេស្ទើនអន្តរជាតិ ដែលជាផ្នែកមួយ នៃការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​បញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស ខុសពីការដាំដើមឈើ ដូចជាដាំដូងជាដើម។ ដូង ដាំតែរយៈពេល៥ឆ្នាំបានទទួលផលហើយ តែការបណ្តុះបណ្តាលធនធានមនុស្ស ត្រូវការរយៈពេលវែងជាងនេះឆ្ងាយណាស់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយក្តីរីករាយចំពោះការរីកចម្រើន នៃការអភិវឌ្ឍ ធនធាមនុស្ស ដោយសម្ដេចបានចាត់ទុក ធនធានមនុស្ស គឺជារឿងចាំបាច់ ហើយវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើងនៃការចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ធនធានធម្មជាតិ នៃប្រទេសមួយ មិនមែនជាកត្តាវាស់វែង នៃការរីកចម្រើនរបស់ប្រទេសឡើយ។ កម្ពុជា មានធនធនធម្មជាតិច្រើន នៅតែជាប្រទេសក្រីក្រ នៅឡើយ ដែលកត្តាទាំងនេះ ចាប់ផ្តើមដោយកំហុសនយោបាយអតីតកាល ទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម បំផ្លាញដល់ឫសគល់ នៃសេដ្ឋកិច្ច សង្គម និងធនធានមនុស្ស។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតែវិធានការចាំបាច់ ដែលយើងត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួន ទោះករណីឆ្លងប្រចាំថ្ងៃ ស្ថិតក្នុងកម្រិតតិចតួចយ៉ាងណាក៏ដោយ។ សម្តេចបញ្ជាក់ថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ»។

សម្តេចតេជោ ហ៊ុន​ សែន​ ថ្លែង​អរគុណដល់កិច្ចខិតខំប្រឹងប្រែង និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់កូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំង និងអនុវត្តនូវវិធានការនានា រហូតឈានដល់កម្ពុជាអាចបើកដំណើការសេដ្ឋកិច្ច និងសង្គមឡើងវិញ។

សម្តេចតេជោ បញ្ជាក់ថា «កំហុសនយោបាយ ត្រូវតែជៀសវាងឱ្យបានដាច់ខាត…[] កំហុសនយោបាយ មិនអាចឱ្យកើតមានលើប្រទេសយើងតទៅទៀតឡើយ»។ សម្តេចបញ្ជាក់ថា សន្តិភាព នៅតែជាកត្តាចាំបាច់ មិនអាចកាត់ថ្លៃបាន។ កំហុសនយោបាយ ពីអតីតកាលទាញកម្ពុជាឱ្យដើរថយក្រោយ ខណៈដែលប្រទេសគេកំពុងឈានទៅមុខឥតឈប់ឈរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា សឹង្ហបុរី មិនមែនជាប្រទេសមានធនធានធម្មជាតិឡើយ រាប់ទាំងទឹកស្អាត ក៏ត្រូវទិញពីប្រទេសក្បែរខាងដែរ។ ការរីកចម្រើនរបស់ប្រទេសសឹង្ហបុរី គឺកើតឡើងដោយសារធនធានមនុស្ស និងសន្តិភាព ស្ថិរភាពនយោបាយ លើប្រទេសដ៏តូចមួយនោះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ប្រទេសយើងរីកចម្រើនមិនលឿន មកពីកត្តាធនធានមនុស្សមានកម្រិត។ កម្ពុជាមានយុវជនច្រើន ប៉ុន្ដែសមត្ថភាពរបស់ពួកគេនៅមានកម្រិតនៅឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំសិក្សាធិការគ្រប់កម្រិត។ ក្រសួងអប់រំ យុវជន និងកីឡា កំពុងយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំតាមរយៈកម្មវិធីសិក្សាថ្មីនីសាលារៀនជំនាន់ថ្មី។ សម្តេចតេជោបញ្ជាក់ថា «យើងមានបរិមាណហើយ ត្រូវតែរកឱ្យឃើញគុណភាពដែលជាកត្តាចាំបាច់»។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា គ្មានការផ្តល់ជូនមួយណា ល្អជាងការផ្តល់ជូនចំណេះដឹង ចំណេះធ្វើនោះទេ។ «ការវិនិយោគលើវិស័យអប់រំ គឺជារឿងចាំបាច់ ដែលយើងត្រូវតែធ្វើ និងពង្រឹងជាប់ជានិច្ច»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យពិនិត្យ ដើម្បីអាចកសាងអន្តេវាសិកដ្ឋាន សម្រាប់និស្សិតជាស្រ្ដី និស្សិតក្រីក្រ ក្នុងនោះក៏និស្សិតបរទេស មកស្នាក់នៅផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីគោលនយោបាយបក្សមួយចំនួន ហាក់បានផាត់ចោលនូវអ្វីៗ ដែលកំពុងមាននាពេលបច្ចុប្បន្ន។ តែទោះជាយ៉ាងណា នេះជាសិទ្ធិសេរីភាពរបស់បក្សនយោបាយទាំងនោះទេ។

សម្តេចតេចជោ ហ៊ុន សែន ប្រកាសពីមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ មានការចូលរួមពីថ្នាក់មូលដ្ឋាន ដែលជាភាពចាំបាច់ដើម្បីទទួលបានធាតុចូលបន្ថែមពីសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហានានា និងដាក់ចេញគោលនយោបាយបក្សរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យរៀបចំស៊ីហ្គេម២០២៣នៅកម្ពុជា ក្លាយជាទៅចលនាជាតិមួយដ៏ធំ មិនសម្រាប់តែរាជធានីភ្នំពេញនោះទេ គឺក្របខណ្ឌទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសនានា រួមទាំងការបញ្ជូនកម្លាំងដោះមីន និងបង្រៀនបច្ចេកទេសដោះមីន ដល់អ៊ុយក្រែន និងប្រទេសនានា ធ្វើឡើងក្នុងសកម្មភាពមនុស្សធម៌សុទ្ធសាធ។

សម្តេចតេជោ ប្រកាសស្វាគមន៍គ្រប់បរទេសទាំងអស់ រាប់ទាំងសហព័ន្ធរុស្ស៊ីផង ដែលចង់បញ្ជូនសិក្ខាកាមរបស់ខ្លួនមកទទួលវគ្គបណ្តុះបណ្តាលសកម្មភាពដោះមីននៅកម្ពុជា តែត្រូវធ្វើឡើងក្នុងភាពមនុស្សធម៌។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពាក់ព័ន្ធបញ្ហាមីននេះ កម្ពុជាមានបទពិសោធន៍រយៈ ៣០ឆ្នាំ ។ សម្ដេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានសកម្មភាពផុសផុល​លើសកម្មភាពបោសសម្អាតមីននេះ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្រូ និងសិស្ស មិនខុសពីឪពុកម្តាយ និងកូននោះទេ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការដាក់ពិន័យលើសិស្សដោយភាពសមស្រប ចៀសវាងការកាត់សក់សិស្សកណ្តាលចំណោមសិស្សក្នុងថ្នាក់ដូច្នេះ….[]បើមិនត្រូវតាមស្តង់ដារសាលា ត្រូវឱ្យពួកគេទៅកាត់ ឬកាត់ឱ្យ ព្រោះគ្រូក៏មានកន្ត្រៃត្រង់ដឺដែរនោះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការរើសអើងលើរូបសម្តេច ក្នុងពេលសម្តេចទៅជួបអ្នកជិះនាវា វេស្ទឹដាំ ហើយជំនួបរវាងសម្តេច និងភ្ញៀវមួយចំនួន ក៏គេសុំលើកពេល ដោយសារសម្តេចបានទៅចាប់ដៃជាមួយអ្នកជិះនាវាជាង២០០នាក់ ដែលគេសង្ស័យមានកូវីដ-១៩ និងមិនទាន់ផុតកំណត់ នៃការដាក់ឱ្យនៅដាច់ដោយឡែករយៈ ២១ថ្ងៃ។

ជាមួយគ្នានោះ​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យល្មមបញ្ចប់សកម្មភាពអ្នកកាសែតលើស្ពានជ្រោយចង្វារ ដែលជាសកម្មភាពមួយខុសឆ្គងមិនអាចទទួលយកបាន។

សម្តេចតេចជោ បានជំរុញឱ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកកាសែតOnlineទាំងអស់ ទៅទទួលការអប់រំបន្ថែម ចៀសវាងការកើតឡើងបាតុភាពផ្សេងៗនៅក្នុងសង្គម ដូចករណីអ្នកកាសែតOnlineម្នាក់ ដែលហួងហែងរឿងសកម្មភាពចរាចរណ៍លើស្ពានជ្រោយចង្វារកាលពីពេលថ្មីៗនេះ។

...

សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យបញ្ចប់សកម្មភាពវែកញែកគ្នាលើបណ្តាញសង្គមFacebook ពាក់ព័ន្ធសកម្មភាពលើស្ពានជ្រោយចង្វារជម្លោះរវាងអ្នកកាសែត Online និងអ្នកធ្វើដំណើរ និងសកម្មភាពគ្រូកាត់សក់សិស្ស៕ដោយ​៖​សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print