ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, “អង្គការ UNICEF បានអះអាងអំពីការបន្តផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់កម្ពុជា” នេះ ជាការបញ្ជាក់របស់ លោក William Parksតំណាងតែងតាំងថ្មីនៃអង្គការមូលនិធិកុមាររបស់អង្គការ សហប្រជាជាតិ (UNICEF) ប្រចាំកម្ពុជា នៅក្នុងឱកាសប្រគល់លិខិតសារតាំងជូន លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកន្លងទៅ។
លោក រដ្ឋមន្ត្រីស្តីទី បានសម្តែងការស្វាគមន៍ និងបានអះអាងចំពោះប្រេសិតថ្មីអំពីការគាំទ យ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះរូបលោកនិងក្រុមការងាររបស់លោក ក្នុងការ បំពេញការងារដ៏សំខាន់របស់អង្គការ UNICEF នៅកម្ពុជា។ បន្ថែមទៀត លោក រដ្ឋមន្ត្រីស្តីទី បាន រំលឹកពីប្រវត្តិដ៏យូរលង់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ UNICEF ជាពិសេស ការផ្តល់ ជំនួយក្រោយពីការដួលរលំរបបខ្មែរក្រហម ដែលជំនួយនេះបានរួមចំណែកបន្ធូរការលំបាកនានា របស់ប្រជាជនកម្ពុជានាពេលនោះ លោក ក៏បានថ្លែងអំណរគុណចំពោះគម្រោងរបស់អង្គការ UNICEF លើវិស័យអប់រំ សុខភាពនិងអាហារូបត្ថម្ភ កិច្ចការពារកុមារ ទឹកស្អាតនិងអនាម័យ ព្រម ទាំងគោលនយោបាយនិងហិរញ្ញប្បទានសាធារណៈសម្រាប់កុមារ។ កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗ របស់អង្គការ UNICEF ក្នុងការជួយដល់សុខុមាលភាពកុមារ និងក្រុមគ្រួសាររបស់ពួកគេ ក្នុងអំឡុង ការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងជំនួយក្នុងការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ក៏ត្រូវបានទទួលស្គាល់ផងដែរ ។
លោក William Parks មានការភ្ញាក់ផ្អើលចំពោះការវិវត្តរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជានា ពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងពេលដែលលោកធ្លាប់បានមកដល់កម្ពុជា នៅឆ្នាំ២០០២។ ជាមួយនឹងការកោតសរសើរពីកិច្ចសហប្រតិបត្តិការរឹងមាំរវាងកម្ពុជា និង អង្គការ UNICEF លោកក៏ បានអះអាងពីការប្តេជ្ញាចិត្តក្នុងការថែរក្សាទំនាក់ទំនងនេះ ហើយនឹងបន្តធ្វើកិច្ចការយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធទាំងអស់លើវិស័យដែលបានគូសបញ្ជាក់ខាងលើ។
ជាទីបញ្ចប់ ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអង្គការ UNICEF៕
ដោយ : សិលា