ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅទី ស្នាក់ការអាជ្ញាធរមីន មានការរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការបោសសម្អាតមីនគាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥” ក្រោមអធិបតីភាពឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកង យោធពលខេមរភូមិន្ទ,មេបញ្ជាការកងទ័ពជើងគោក និងទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខានេះធ្វើទ្បើងរវាងអាជ្ញាធរមីន ជាមួយ នឹងបញ្ជាការដ្ឋានកងទ័ពជើងគោក,មជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាមក្នុងគោលបំណងដើម្បីបោស សម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០.២៧៨. ៨១៧ ម៉ែត្រក្រឡាដោយប្រើប្រាស់ថវិកាសរុបចំនួន ៣០ លានដុល្លារសហអាមេរិក តាមរយៈ“មូលនិធិកម្ពុជាគ្មាន មីន ឆ្នាំ២០២៥” និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថវិកានេះ នឹងត្រូវបានបែងចែកទៅដល់ ៖ (១) កងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ៤៦.៨៤៣.៧៤០ ម៉ែត្រ ក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរ មានជ័យ; (២) មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ដើម្បីធ្វើការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ២៧.១១០.៦៩៧ ម៉ែត្រក្រឡា នៅក្នុងស្រុកស្នួលខេត្ត ក្រចេះ, ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង, និងខេត្តមណ្ឌលគិរី; (៣) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ១០៦.៣២៤.៣៨០ ម៉ែត្រក្រឡា នៅក្នុងខេត្តនកំពង់ធំ, ខេត្តប៉ៃលិន, ខេត្តព្រះវិហារ, ខេត្តពោធិ៍សាត់, និងខេត្តសៀមរាប ។
យោងតាមប្រសាសន៍របស់ទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា ដោយមានការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន, មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ ២០២៥ និងដៃគូអភិវឌ្ឍន៍ គឺផែនការបោសសម្អាតមីនក្នុងឆ្នាំ២០២៣ នេះ គ្របដណ្តាប់ផ្ទៃដីមានមីនប្រមាណ ៤១១ គីឡូម៉ែត្រក្រឡា។ ដូច្នេះ នៅក្រោយឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងមាន ១៨ រាជធានី-ខេត្ត ត្រូវប្រកាសថាអស់មីន។
បន្ទាប់ទៅទៀត នឹងមានខេត្តចំនួន៧ ក៏នឹងត្រូវដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ រួម មាន៖ ខេត្តកោះកុង,ខេត្តពោធិ៍សាត់,ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ជាមួយគ្នានេះផងដែរ អាជ្ញាធរមីនមានភាព ជឿជាក់ ក្នុងការឈានទៅសម្រេចឱ្យបាននូវទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីបញ្ចប់ការងារបោសសម្អាតមីន និងប្រកាសកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ ខាងមុខ៕ដោយ៖ សូរិយា