ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តបាត់ដំបង បន្ដចុះបង្ក្រាប បទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ជាក់ស្ដែងរឹបអូសវត្ថុតាងមួយចំនួនយកទៅដុតបំផ្លាញចោលនឹងកន្លែង។ នេះបើយោងតាមប្រភពព័ត៍មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៧ ខែមករា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ បានធ្វេីឡេីងកាលពីថ្ងៃទី២៦ ខែមករាម្សិលមិញនេះ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ឡុង យោធាវីរៈ អធិការស្រុកឯកភ្នំ សហការជាមួយកម្លាំសឹករងស្រុកឯកភ្នំ ឈរជើងទិសទន្លេសាប កម្លាំងសរុបចំនួន ០៧នាក់ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ០១លើក នៅចំណុចព្រែកព្រះដើមឈើដែនអភិរក្សនេសាទ អតីតឡូត៍នេសាទលេខ ០២បាត់ដំបង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការរួមមាន កាណូតចំនួន ០៣គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
– សាច់មងប្រវែង ១០០០ម៉ែត្រ
– ឡុកសម្រាប់ត្រីចំនួន ០៧គ្រឿង
– បង្គោលចំនួន ៣១០ដើម
– ក្បាលបរចំនួន ០៧ក្បាល ។
គួរបញ្ជាក់ថា ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង។ ដោយឡែកជនល្មើសបានរត់គេចខ្លួន នៅកន្លែងប្រព្រឹតិបទល្មើសបានបន្សល់ទុកការណូតស្មាច់ចំនួន ០១គ្រឿង ពណ៏ស្លែ ម៉ាស៊ីនម៉ាកហ៊ីណូតា ១៨សេះ ពណ៏ក្រហម កម្លាំងសមត្ថកិច្ចបានដក ហូតយកមករក្សាទុកដើម្បីស្រាវជ្រាវរកមុខសញ្ញាល្មើស៕ ដោយ៖សហការី