ភ្នំពេញ៖ រយៈពេល៤ខែ ក្នុងឆ្នាំ២០២២កន្លងមកនេះ ដំណើរការសាកល្បងពិន័យ និងដកពិន្ទុបណ្ណបើកបរ បានរកឃើញមានល្មើសច្បាប់ចរាចរណ៍ចំនួនជាង ៨ពាន់៧រយករណី និងបានដកពិន្ទុ សរុបជាង ១០ម៉ឺនពិន្ទុ។
បើតាមការបញ្ជាក់ពីលោកស្រី មឹន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះថា៖ ក្នុងរយៈពេលនៃដំណើរការសាកល្បងធ្វើការពិន័យ និងដកពិន្ទុបណ្ណបើកបរដោយឧបករណ៍បច្ចេកទេសរយៈពេលបួនខែកន្លងមក គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញមានអ្នកល្មើសច្បាប់ចរាចរណ៍ចំនួន ៨.៥១៣នាក់ ក្នុងនោះមានអ្នកបើកបររថយន្តធុនស្រាលមានចំនួន ៧.៤៧៧គ្រឿង រកឃើញល្មើស ៧.៥៧៩ករណី និងដកពិន្ទុសរុប ១០.១៦២ពិន្ទុ។ មានអ្នកបើកបររថយន្តធុនធ្ងន់ចំនួន ១.០៣៦គ្រឿង រកឃើញល្មើស ១.១៤៦ករណី និងដកពិន្ទុ ៦៦៥ពិន្ទុ។
លោកស្រីរដ្ឋលេខាធិការរូបនេះ បានថ្លែងបន្ថែមថា ចំពោះការត្រួតពិនិត្យអ្នកជិះម៉ូតូល្មើសមានសរុប ១១៥.៨០១គ្រឿង ក្នុងនោះមានមិនពាក់មួកសុវត្ថិភាព បានធ្វើការឃាត់បង្ខំឲ្យរកមួកមកពាក់ និងពិន័យចំនួន ៩៤ភាគរយ នៃករណីល្មើសសរុបរបស់អ្នកជិះម៉ូតូទាំង ១១៥.៨០១ករណី។
គួរជម្រាបថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ទូទាំងប្រទេសចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមអនុវត្តសាកល្បងចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងដំណើរការអនុវត្តពេញលេញកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ ចំពោះការដាកឱ្យដំណើរការកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានជាអតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើស ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ៕ ដោយ៖សហការី