រយៈពេល៤ខែ!​ កម្មវិធីដកពិន្ទុបណ្ណបើកបររកឃើញល្មើសច្បាប់ជាង ៨ពាន់ករណី និងដកពិន្ទុជាង ១០ម៉ឺនពិន្ទុ

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល៤ខែ​ ក្នុងឆ្នាំ២០២២​កន្លងមកនេះ​ ដំណើរការសាកល្បងពិន័យ និងដកពិន្ទុបណ្ណបើកបរ បានរកឃើញមានល្មើសច្បាប់ចរាចរណ៍ចំនួនជាង ​៨ពាន់៧រយករណី និងបានដកពិន្ទុ សរុបជាង ១០ម៉ឺនពិន្ទុ។

បើ​តាមការបញ្ជាក់ពី​លោកស្រី​ មឹន មាណាវី រដ្ឋលេខា​ធិការក្រសួងសាធារណការ ​និងដឹកជញ្ជូន និងជាអគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក​ បានថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិស​ដៅ​ការងារឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះថា៖ ​ក្នុងរយៈពេលនៃដំណើរការសាកល្បងធ្វើការពិន័យ និង​ដកពិន្ទុបណ្ណបើកបរដោយឧបករណ៍បច្ចេកទេសរយៈពេលបួនខែកន្លងមក ​គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា​ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញមានអ្នកល្មើសច្បាប់ចរាចរណ៍ចំនួន ៨.៥១៣នាក់ ​ក្នុងនោះមានអ្នកបើកបររថយន្តធុនស្រាលមានចំនួន ៧.៤៧៧គ្រឿង រកឃើញល្មើស ៧.៥៧៩ករណី និងដកពិន្ទុសរុប ១០.១៦២ពិន្ទុ។ មានអ្នកបើកបររថយន្តធុនធ្ងន់ចំនួន ១.០៣៦គ្រឿង រកឃើញល្មើស ១.១៤៦ករណី និងដកពិន្ទុ ៦៦៥ពិន្ទុ។

លោកស្រី​រដ្ឋលេខាធិការ​រូបនេះ​ ​បានថ្លែងបន្ថែមថា ​ចំពោះការត្រួតពិនិត្យអ្នកជិះម៉ូតូល្មើសមានសរុប ១១៥.៨០១គ្រឿង​ ក្នុងនោះ​មានមិនពាក់មួកសុវត្ថិភាព ​បានធ្វើការឃាត់បង្ខំឲ្យរកមួកមកពាក់ និង​ពិន័យចំនួន ៩៤ភាគរយ​ នៃករណីល្មើសសរុបរបស់អ្នកជិះម៉ូតូទាំង ១១៥.៨០១ករណី។

...

គួរជម្រាបថា​ កម្មវិធីដកពិន្ទុបណ្ណបើកបរ ​និងការបង់ប្រាក់ពិន័យអន្តរការណ៍ទូទាំងប្រទេស​ចំពោះអំពើល្មើស​ច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមអនុវត្តសាកល្បងចាប់ពីថ្ងៃទី០១ ​ខែកញ្ញា ​ឆ្នាំ២០២២ ដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងដំណើរការអនុវត្តពេញលេញកាលពីថ្ងៃទី០១​ ខែមករា ឆ្នាំ២០២៣។ ចំពោះ​ការដាកឱ្យដំណើរការកម្មវិធីនេះ ​ធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការ​អនុវត្តច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក ​សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ បានជាអតិបរមា ក៏​ដូចជាការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់​ពិន័យអំពើល្មើស ច្បាប់​ស្ដីពីចរាចរណ៍ផ្លូវគោក ​និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើស​ច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print