ភ្នំពេញ៖ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដំណឹងដល់ម្ចាស់ចម្ការ កៅស៊ូទាំងអស់ឱ្យបានជ្រាបថា ជារៀលរាល់ឆ្នាំ រដូវកៅស៊ូជ្រុះស្លឹកនឹងចាប់ផ្តើមពីខែមករារហូតដល់ចុងខែកុម្ភៈ។ នេះបេីយោងតាមប្រភពព័ត៍មានពីសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ម្សិលមិញ។
ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ក្នុងន័យនេះ ដើម្បីបង្ការគ្រោះអគ្គីភ័យដែលនឹងអាចកើតមានជាយថាហេតុនៅក្នុងចម្ការកៅស៊ូ សូមម្ចាស់ចម្ការកៅស៊ូទាំង អស់យកចិត្តទុកដាក់សម្អាតនិងធ្វើផ្លូវភ្លើងក្នុងចម្ការកៅស៊ូឱ្យបានត្រឹមត្រូវ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖
-១, កាត់ស្មៅឬរុក្ខជាតិចង្រៃនៅជុំវិញជ្រុំចម្ការនិងតាមចន្លោះរងកៅស៊ូជាប់ផ្លូវធ្វើដំណើរ និងត្រូវប្រមូលទាំងស្លឹក កៅស៊ូដែលជ្រុះដាក់គរជាគំនរៗប្រវែង២៥ម៉ែត្រ លើគ្នាតាមចន្លោះរងកៅស៊ូដាច់ៗពីគ្នា និងត្រូវដុតមួយ គំនរម្តងៗ ដោយចាប់ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់។
-២, ត្រូវសម្អាតដុតនៅពេលព្រឹកព្រលឹមនិងបញ្ឈប់ការដុតនៅវេលាម៉ោង៩ព្រឹក ដោយត្រូវឃ្លាំមើលឱ្យបានហ្មត់ចត់ដើម្បីចៀសវាងផ្កាភ្លើងហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថាភ្លើងពិតជារលត់អស់១០០ភាគរយក្រោយពេលឈប់ដុត។
-៣, ហាមដាច់ខាតការដុតសម្អាតនៅពេលរសៀល ព្រោះអាចបង្កឱ្យមានអគ្គីភ័យកើតឡើងជាយថាហេតុនៅវេលាយប់។
-៤, មិនត្រូវរង់ចាំរហូតដល់ស្លឹកកៅស៊ូជ្រុះ១០០ភាគរយ ទើបប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរក្រាស់ បង្កឱ្យភ្លើងឆេះខ្លាំង ពិបាកគ្រប់គ្រងនិងប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការ។ ការដុតស្លឹកកៅស៊ូធ្វើឡើងជាបី ដំណាក់កាលគឺ ទី១ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ៣០ភាគរយ ទី២ ពេលកៅស៊ូជ្រុះស្លឹកបាន ប្រមាណ៦០ភាគរយ និងទី៣ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ១០០ភាគរយ។
ជាមួយគ្នានោះ អគ្គនាយកដ្ឋានកៅស៊ូ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ចម្ការកៅស៊ូទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្ដីជូន ដំណឹងនេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕ដោយ៖សហការី