ខេត្តព្រះសីហនុ៖ មន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអញ្ជើញស្រ្តីម្នាក់ឱ្យចូលខ្លួនមកឆ្លេីយបំភ្លឺ ជុំវិញការបង្ហោះសារតាមបណ្ដាញសង្គមមួលបង្កាច់ខុសការណ៍ពិតរឿងអ្នកដុតកាំជ្រួចបើចង់ដោះលែងវិញត្រូវបង់លុយឱ្យសមត្ថកិច្ច ៥០០ដុល្លារ ទើបអាចដោះលែងវិញ។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ម្សិលមិញ កម្លាំងនគរបាលទេសចរណ៍កាលពីថ្ងៃទី២៩ ខែមករាថ្មីៗនេះ បានអញ្ជើញស្ត្រីជនជាតិខ្មែរម្នាក់មកធ្វើការស្រាយបំភ្លឺអំពីករណីដែលស្ត្រីរូបនេះបាននិយាយបរិហារកេរ្តិ៍មួលបង្កាច់ខុសពីការណ៍ពិតមកលើកងកម្លាំងនគរបាលទេសចរណ៍ តាមរយៈតេឡេក្រាមប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអនឡាញដែលមានអ្នកគ្រប់គ្រងឈ្មោះ សោម ភ័ក្ត្រា ដោយស្ត្រីបង្កបានផ្ញើសារជាសំឡេងចូលគ្រុបអ្នកសារព័ត៌មានដោយបានលើកឡើងថា អ្នកដុតកាំជ្រួចចង់ដោះលែងវិញត្រូវបង់លុយឱ្យសមត្ថកិច្ច ៥០០ដុល្លារ ទើបអាចដោះលែង និងលើកឡើងបន្ថែមទៀតថា ពួកយើងខ្ញុំកំពុងនៅក្នុងការិយាល័យនគរបាលទេសចរណ៍ និងមិនទាន់ត្រូវបានដោះលែងចេញនៅឡើយ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលទេសចរណ៍ ស្ត្រីបង្កហេតុបានឆ្លើយសារភាពថា រូបគាត់ពិតជាបានលើកឡើងទាំង២ចំណុចខាងលើប្រាកដមែន ដោយគាត់ឮតៗគ្នាពីចិន ហើយរូបគាត់ក៏មិនត្រូវបានសមត្ថកិច្ចអញ្ជើញឱ្យមកការិយាល័យ ឬចាប់ខ្លួនទេ ។
ក្រោយពីបញ្ចប់ការសាកសួរ និងការបំភ្លឺរបស់ស្ត្រីបង្ក កម្លាំងជំនាញបានធ្វើកំណត់ហេតុ និងបានធ្វើកិច្ចសន្យាទៅលើស្ត្រីបង្កឱ្យឈប់នូវសកម្មភាពមួលបង្កាច់ខុសការណ៍ពិតដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕ដោយ៖សហការី