ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើក ឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលះបង់ច្រើនណាស់ដើម្បីជាតិ មាតុភូមិ ហើយការលះបង់របស់សម្តេចមានគោលបំណងតែមួយគត់ គឺធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដើម្បីអភិវឌ្ឍប្រទេសជាតីឱ្យរីកចម្រើន។
ការលើកឡើងរបស់លោកឃួង ស្រេងបានធ្វើឡើងក្នុងពិធីប្រកាសសាខាគណបក្សស្ថានីយទូរទស្សន៍ CTN, MYTV, CNC សាខាគណបក្សស្ថានីយ ទូរទស្សន៍ PNN និងបញ្ចូលសមាជិកគណបក្សចំនួន១៨៣រូប នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅមន្ទីរបក្សរាជធានីភ្នំពេញ។
ក្នុងពិធីនេះត្រូវបានប្រកាសសាខាគណបក្សស្ថានីយទូរទស្សន៍ CTN, MYTV, CNC ចំនួន១០៩រូប និងសាខាគណបក្សស្ថានីយទូរទស្សន៍ PNN ចំនួន៧៤រូប សរុបចំនួន១៨៣រូប ជាសមាជិកគណបក្សចំណុះឱ្យគណបក្សរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ សម្តេចតេជោបានផ្តល់អាយុជីវិតជូនប្រជាពលរដ្ឋនៅថ្ងៃទី០៧ មករា ១៩៧៩ ដែលបងប្អូនត្រូវយល់ឱ្យបានច្បាស់ពីវីរភាពរបស់សម្តេចតេជោ។
លោកបន្ដថា សមាជិកម្នាក់ជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជា ជនកម្ពុជា នៅពេលបោះឆ្នោតសមាជិកម្នាក់ៗ ត្រូវដឹងការណ៍ពិតពីអ្វីដែលគណបក្សប្រជាជនកម្ពុជាបានលះបង់ដើម្បីជាតិ មាតុភូមិនិងត្រូវហ៊ានតស៊ូមតិដើម្បីបក្ស ។ បងប្អូនសម្រេចចូលរួមជាមួយបក្សប្រជាជនកម្ពុជានៅពេលនេះ មានន័យថា បងប្អូនបានថែរក្សាកេរតំណែលនិងសមិទ្ធផលរបស់ដូនតាយើងពីមុនមក។ ពីមុនយើងចង់បានត្រឹមតែ ប្រជាពលរដ្ឋយល់និងឱ្យតម្លៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានហើយ តែសម្រាប់ពេលនេះ មិនត្រឹមតែប្រជាពលរដ្ឋឱ្យតម្លៃប៉ុណ្ណោះទេ សូម្បីតែអន្តរជាតិក៏បានឱ្យតម្លៃមេដឹកនាំរបស់កម្ពុជាយើងយ៉ាងខ្លាំងផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលះបង់ច្រើនណាស់ដើម្បីជាតិ មាតុភូមិ ។ ការលះបង់របស់សម្តេចតេជោ មានគោលបំណងតែមួយគត់ នោះគឺធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដូចដែលយើងបានឃើញស្រាប់នៅពេលនេះ។ អ្វីដែលជាក់ស្តែងថែមទៀតនោះ ខណៈដែលប្រទេសកម្ពុជាក៏ដូចជានៅលើសកលលោក កំពុងប្រឈមខ្លាំងនៃការរីករាលដាលជំងឺកូវីដ-១៩ សម្តេចតេជោបានដើរជួរមុខ ក្នុងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋម្តងទៀត ដោយការស្រោចវ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រពលរដ្ឋបានគ្រប់គ្នានិងគ្រប់ដូស។
លោកបន្តទៀតថា៖ បក្សប្រជាជនកម្ពុជាមានបទពិសោធន៍ច្រើនណាស់ ពាក់ព័ន្ធនឹងការអត់អាហារ ដូច្នេះហើយទើបយើងរក្សាស្បៀងទុកឱ្យបានគ្រប់គ្រាន់ ដើម្បីជួយប្រជាពលរដ្ឋដែលខ្វះខាត ពោលគឺសម្តេចតេជោហ៊ុន សែន មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។ ក្នុងនាមជាសមាជិក សមាជិការបស់បក្សប្រជាជនកម្ពុជាត្រូវការពារសមិទ្ធផលរបស់សម្តេចតេជោ ដែលរកបានមកដោយលំបាក នោះគឺសន្តិភាព និងនាំគ្នាជួយផ្សព្វផ្សាយអំពីអំពើល្អរបស់សម្តេចតេជោ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងនិងយល់កាន់តែច្បាស់៕ ដោយសំរិត