អាមេរិកចោទប្រកាន់រុស្ស៊ីថាបានបំពានសន្ធិសញ្ញាស្តីពីការគ្រប់គ្រងអាវុធបរមាណូ

ចែករំលែក៖

អាមេរិកបានចោទប្រកាន់រុស្ស៊ីថាបានបំពានសន្ធិសញ្ញា Start ថ្មី ដែលជាមូលដ្ឋានច្បាប់ចុងក្រោយ ក្នុងការគ្រប់គ្រងអាវុធបរមាណូ ក្រោយសង្គ្រាមត្រជាក់។

សន្ធិសញ្ញាអាវុធថ្មី START បានអនុវត្តនៅឆ្នាំ២០១១ ហើយបន្តពន្យារពេល៥ឆ្នាំបន្ថែមទៀតនៅពាក់កណ្តាលឆ្នាំ២០២១។ សន្ធិសញ្ញានោះបានកំណត់ពីចំនួនក្បាលគ្រាប់បរមាណូយុទ្ធសាស្ត្រ ដែលអាមេរិកនិងរុស្ស៊ីបានដាក់ពង្រាយ ក៏ដូចជាបំពាក់លើមីស៊ីល
និងយន្តហោះទម្លាក់គ្រាប់បែក ។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា ឆ្លើយតបទៅនឹងសំណើមួយពីសភាជាតិទាំង២ ក្រសួងការបរទេសអាមេរិកបានបន្ទោសរុស្ស៉ី សម្រាប់ការព្យួរការធ្វើអធិការកិច្ច និងលុបចោលកិច្ចសន្ទនា ប៉ុន្តែមិនបានចោទប្រកាន់អតីតគូសត្រូវសង្រ្គាមត្រជាក់របស់ខ្លួនមួយនេះថាកំពុងបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរលើសពីចំនួនដែលកំណត់ដោយសន្ធិសញ្ញា New START នោះឡើយ។ អ្នកនាំពាក្យម្នាក់មកពីក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «រុស្ស៉ីមិនបានអនុវត្តកាតព្វកិច្ចនៅក្រោមសន្ធិសញ្ញា New START ដើម្បីសម្រួលដល់ការធ្វើអធិការកិច្ចសកម្មភាពនានានៅលើទឹកដីរបស់ខ្លួនឡើយ…។ អ្នកនាំពាក្យរូបនេះ ក៏បានចោទប្រកាន់ដែរថា ការបដិសេធរបស់រុស្ស៉ីបាននិងកំពុងគំរាមកំហែងដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនឹងរុស្ស៉ី។
ទីក្រុងមូស្គូ កាលពីខែសីហា ឆ្នាំ២០២២ បានប្រកាសព្យួរការធ្វើអធិការកិច្ចរបស់សហរដ្ឋអាមេរិក នៅឯមូលដ្ឋានយោធារបស់ខ្លួនដែលកំណត់ដោយសន្ធិសញ្ញា New START ដោយអះអាងថាជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិកដែលបានបង្កឧបសគ្គដល់ការធ្វើអធិការកិច្ចដោយក្រុមមន្ត្រីរុស្ស៉ីនៅឯមូលដ្ឋានយោធាអាមេរិក។ តែការចោទប្រកាន់នេះត្រូវបាន សហរដ្ឋអាមេរិកច្រានចោល។ សន្ធិសញ្ញា New START នឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២៦ ហើយមានការសន្និដ្ឋានជាច្រើនថាវាទំនងជានឹងមិនត្រូវបានបន្តសុពលភាពទៀតនោះទេ៕ ដោយធីរីណា

...

រូប​ថត​ :Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print