ខេត្តស្ទឹងត្រែង៖ អគារសិក្សា១ខ្នងក្រោមជំនួយគាំទ្ររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia) ស្ថិតនៅ ឃុំអូរស្វាយ ស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធដាក់ឲ្យប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងជា អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ។
ការសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន១ខ្នងមាន.០៦ បន្ទប់នេះ បានធ្វើឡើង ដោយមានការចូលពីលោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត,លោកប៉ែន លីណាត អភិបាលខេត្តស្តីទី តំណាងឲ្យលោក ស្វាយ សំអ៊ាង អភិបាលខេត្ត លោក យី គឹមថាន នាយកស្ដីទីប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ថ្នាក់ដឹកនាំអង្គការភ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង លោកអភិ បាលស្រុកបុរីអូរស្វាយសែនជ័យ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៦០០ នាក់។
ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងឱកាសសម្ពោធ និង ប្រើប្រាស់អគារសាលាវិទ្យា ល័យ បុរីអូរស្វាយសែនជ័យលោកឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងជា អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំង អស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៍ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធាន មនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ជាតិឱ្យមានភាពរីកចំរើន ហើយជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។
ក្នុងនោះលោកឡូយ សុផាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយតាមរយៈអង្គការភ្លែនដែល បានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ ។ ក្នុងនោះដែរលោកក៏បានចាត់ទុកសកម្ម ភាពមនុស្សធម៌ របស់អង្គការភ្លែន ពិតជាបានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការមួយនេះ ក្នុងកិច្ចការសង្គម មនុស្សធម៍ និង ការអភិវឌ្ឍធនធានមនុស្ស ដែលជាទ្រព្យ ដ៏មានតម្លៃបំផុតក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្មវិធីកំណែ ទម្រង់គុណភាពវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។
ឆ្លៀតក្នុងឱកាសនោះដែរលោកឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងជា អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសេសលោកគ្រូ អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្ស ត្រូវចេះស្រឡាញ់ និងយកចិត្តទុកដាក់ ថែទាំសាលារៀនមួយនេះឲ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ផងដែរ។
នៅក្នុងឱកាសនោះដែរ អ្នកតំណាងរាស្ត្រ បានយកអំណោយផ្ទាល់របស់ឯកឧត្តម ជូនដល់ សាលាវិទ្យាល័យបុរីអូរស្វាយសែនជ័យ នូវថវិកា ចំនួន ៤០០.០០០រៀល និង លោកគ្រូអ្នកគ្រូ ចំនួន ១៦០ នាក់ ក្នុងម្នាក់ ទទួលបាន ២០០០០ រៀល សរុបថវិកា ចំនួន ៣.២០០.០០០ រៀល និង ផ្តល់សម្ភារៈសិក្សាសិស្សានុសិស្ស ផងដែរ ៕ ដោយ៖ សូរិយា